ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា សុខចិត្តបិទ TikTok ល្អជាងលក់បណ្តាញសង្គមនេះឱ្យអាមេរិក ពីព្រោះកម្មវិធី Algorithm (ជាជំហានធ្វើការលម្អិត និងការដោះស្រាយបញ្ហា) ដែល TikTok ប្រើប្រាស់នោះ គឺជាបេះដូងដ៏សំខាន់របស់ប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុន ។ ហេតុនេះ ទើបធ្វើឱ្យការលក់ TikTok និងកម្មវិធី Algorithm មិនអាចធ្វើបានទេ ។
បើតាមប្រភពព័ត៌មានមិនបញ្ចេញឈ្មោះឱ្យដឹងថា TikTok គ្រាន់តែជាផ្នែកតូចមួយរបស់ចំនួនអ្នកប្រើប្រាស់សរុបក្នុង១ថ្ងៃ និងប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ByteDance ។ ហេតុនេះ បើមានហេតុការណ៍អាក្រក់បំផុត ក្រុមហ៊ុន ByteDance នឹងបិទ App នៅអាមេរិកតែម្តង គឺល្អជាងការលក់ឱ្យអាមេរិក ខណៈការបិទ App នឹងមានផលប៉ះពាល់តិចតួចសម្រាប់អាជីវកម្មរបស់ ByteDance ថែមទាំងអាចរក្សាទុកកម្មវិធី Algorithm ផងដែរ ។
ចំណែកក្រុមហ៊ុន ByteDance បដិសេធពុំផ្តល់ព័ត៌មានអ្វីទាំងអស់ជាមួយសារព័ត៌មានរ៉យទ័រ ប៉ុន្តែក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឈ្មោះ «Toutiao» ថា ក្រុមហ៊ុនគ្មានគម្រោងលក់ TikTok ឡើយ ។ ការចេញសេចក្តីថ្លែងការណ៍របស់ ByteDance ក្រោយពីមានព័ត៌មានមួយបានចុះផ្សាយលើគេហទំព័រ «The Information» នាពេលកន្លងមកថា ByteDance ចង់លក់ TikTok នៅអាមេរិក ប៉ុន្តែមិនរួមបញ្ចូលទាំងកម្មវិធី Algorithm សម្រាប់វីដេអូផ្សេងៗសម្រាប់អ្នកប្រើប្រាស់ TikTok ទេ ។
សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយយោងតាមប្រភពព័ត៌មានផ្ទៃក្នុងថា ក្រុមហ៊ុន ByteDance នឹងបិទ App របស់ TikTok ផ្សេងៗនៅអាមេរិក ។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក Zhou Zhouzi នាយកប្រតិបត្តិ TikTok រំពឹងថា ក្រុមហ៊ុននឹងអាចយកឈ្នះក្តីតាមផ្លូវច្បាប់ ក្រោយពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បង្ខំឱ្យ ByteDance លក់ TikTok ក្នុងរយៈពេល៩ខែ បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើប្រាស់ TikTok ។
ទោះយ៉ាងណា ByteDance ពុំបានបង្ហាញទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬទិន្នន័យលម្អិតផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្មនីមួយៗទេ ។ ប្រភពព័ត៌មានមួយទៀតនិយាយថា ប្រាក់ចំណូលភាគច្រើនរបស់ក្រុមហ៊ុនបានពីប្រទេសចិន តាមរយៈ App ផ្សេងៗ ដូចជា ៖ Touyin គឺជា TikTok ជា Version ចិន ។ រីឯប្រភពព័ត៌មានមួយទៀតថា ការប្រើប្រាស់ TikTok នៅអាមេរិក ស្មើប្រមាណ២៥% នៃប្រាក់ចំណូលសរុបរបស់ ByteDance កាលពីឆ្នាំ២០២៣ ។
ប្រភពព័ត៌មាននេះបញ្ជាក់ថា ការលក់ TikTok ដោយមិនរួមទាំងកម្មវិធី Algorithm មិនអាចកើតឡើងទេ ដោយសារកម្មសិទ្ធិបញ្ញារបស់ Algorithm បានចុះឈ្មោះជាមួយ ByteDance នៅប្រទេសចិន ហើយវាពិបាកបំបែកចេញពីក្រុមហ៊ុនមេ ។ ក្រៅពីនេះ ការបំបែកកម្មវិធី Algorithm ចេញពីកម្មសិទ្ធិរបស់ TikTok នៅអាមេរិក ជាការងារដ៏ស្មុគស្មាញបំផុត ហើយ ByteDance មិនជ្រើសរើសវិធីនេះទេ ។
ByteDance នឹងពុំព្រមលក់កម្មវិធីដ៏មានតម្លៃ ដូចជា Algorithm របស់ TikTok ទៅឱ្យគូប្រជែងដាច់ខាត ។ រីឯកម្មវិធីផ្សេងៗទៀតរបស់ TikTok គឺទិន្នន័យអ្នកប្រើប្រាស់, ការដំណើរការកម្មវិធី និងការគ្រប់គ្រងកម្មវិធី ក៏ ByteDance ពុំព្រមលក់ដែរ ។
លោក Steven Mnuchin អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកធ្លាប់បាននិយាយនាពេលមុននេះថា អាមេរិកបានទាក់ទាញវិនិយោគិនផ្សេងៗដើម្បីទិញ TikTok ខណៈសារព័ត៌មានរាយការណ៍ថា ByteDance អាចពិបាករកអ្នកទិញ TikTok នៅអាមេរិក បើមិនព្រមលក់កម្មវិធី Algorithm ទេនោះ ៕










