ផ្លូវថ្មើរជើងថ្មីមួយ ដែលនឹងមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង pub Street ស្ថិតនៅក្នុងខណ្ឌដូនពេញ មានទំហំ៦៧ហិចតា គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤ ដោយគម្រោងនេះនឹងរៀបចំឱ្យបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។
ផ្លូវថ្មើរជើងនេះ ត្រូវបានបែងចែងជា ៣តំបន់ មានទំហំ៥៧ហិកតា ដោយរួមមាន៖
- ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង ផ្លូវលេខ៩៤, ខាងត្បូង ផ្លូវលេខ១០៦,ខាងលិច ផ្លូវលេខ១៣, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
- ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១០៦, ខាងត្បូង ផ្លូវលេខ ១៨៤, ខាងលិចផ្លូវលេខ១៣, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pub street)។
- ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង ផ្លូវលេខ ១៨៤, ខាងត្បូង មហាវិថីព្រះសីហនុខាងលិច ផ្លូវលេខ០៧, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pub street ផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់៕











