ខេត្តពោធិ៍សាត់៖ បុរសប្រមឹកម្នាក់ចេញពីផឹកស្រវឹង ដើរមកដល់ផ្ទះដេញវាយប្រពន្ធកូនផ្អើលពេញភូមិ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាល​ពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

បើតាមសម្ដីរបស់អ្នកស្រី ប៉ិល នួន អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ បានប្រាប់សមត្ថកិច្ចមូលដ្ឋានថា ប្ដីរបស់គាត់ឈ្មោះ​ សាត ឡន អាយុ៤២ឆ្នាំ ហើយគេហ៍ជាមនុស្សចូលចិត្តផឹកស្រា មិនសូវគិតគូរពីការរកស៊ីចិញ្ចឹមកូនប្រពន្ធឡើយ។ ជារៀងរាល់ថ្ងៃ ប្ដីរបស់គាត់តែងតែទៅ​ដើរស៊ីផឹក រហូតស្រវឹងជោកជាំទើបត្រឡប់មកផ្ទះវិញ ហើយស្រែកឡូឡា និងដេញវាយប្រពន្ធកូនស្ទើររាល់ថ្ងៃ។

ជនរងគ្រោះបានបន្តថា នៅយប់ថ្ងៃកើតហេតុ ប្ដីរបស់គាត់ក៏បានប្រព្រឹត្តដូចសព្វមួយដង ហើយគេហ៍(ពាក្យសម្រាប់ប្រើជាមួយប្ដីប្រពន្ធ) បានដេញវាយគាត់ និងកូន ធ្វើឲ្យពួកគាត់ភ័យ​នាំគ្នារត់ទៅដេក​ នៅផ្ទះរបស់អ្នកជិតខាង។ ដោយសារគាត់អត់ទ្រាំនឹងទង្វើរបស់ប្ដីលែងបាន ទើបគាត់ប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយពេលទទួលមានសេចក្ដីរាយការណ៍ពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕