ភ្នំពេញ៖ ក្រោយ​ពី​ចេញ​សេចក្តី​ប្រកាស​ស្ដីពីគ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ ​តាម​ប្រព័ន្ធ​អ៊ីនធឺរណិតរួចមក នៅពេលនេះ ក្រសួងព័ត៌មានព្រមានថានឹង​ចាត់​វិធានការតាម​ផ្លូវ​ច្បាប់​ ចំពោះ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ហើយការព្រមាននេះនាំឲ្យមានការរិះគន់ពីអង្គការសង្គមស៊ីវិល។

លោក ផុស សុវណ្ណ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ នៃ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ នៅក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាស​របស់​អន្តរក្រសួង​ថា ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា នេះត​ទៅ ​ក្រសួងព័ត៌មាន​នឹង​មាន​វិធានការ​ខ្លះៗ​ហើយ តាម​រយៈ​ការ​អនុវត្ត​ប្រកាស​របស់​អន្តរ​ក្រសួង ទៅ​លើ​អ្នក​ចែក​ចាយ​ព័ត៌មាន​មិន​ពិត និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

លោក ផុស សុវណ្ណ បញ្ជាក់​ជា​ថ្មី​ថា សេចក្តី​ប្រកាស​របស់​អន្តរ​ក្រសួង​ មិន​មាន​ចេតនា​ណា​មួយ​រឹត​បន្តឹង​ចំពោះ​អ្នកដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ធានា​លើសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

សូម​បញ្ជាក់​ថា ប្រកាស​រួម​គ្នា នៃ​ក្រសួង​​៣ កាល​ពី​ចុង​ខែ​ឧសភា មាន​គោល​ដៅ ប្រឆាំង ទប់​ស្កាត់ រាល់​ការ​ផ្សព្វ​ផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង វីដេអូ និង​ទម្រង់​ផ្សេង​ៗ​ទៀត នៅ​តាម​គេហទំព័រ​​​ និង​បណ្ដាញ​សង្គម នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​ចេតនា​បង្ក​​ជា​ចលាចល។ ព្រោះ​ចលាចល បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ច​ជាតិ សណ្ដាប់​ធ្នាប់​សារធារណៈ ​ការ​រើស​អើងនឹងវប្បធម៌ និងប្រពៃណី​ជាតិ។

បើ​តាម​ប្រកាស​អន្ដរក្រសួង​កម្រាស់​៤​ទំព័រ​ដដែល ស្ថាប័ន ​និង​អង្គភាព​ជំនាញ​នីមួយ​ៗ​ ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ត្រូវ​សហការ​គ្នា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​ខាង​ដើម​។ ក្នុង​នោះ ក្រសួង​ព័ត៌មាន​ត្រូវ​គ្រប់​គ្រង​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ចាត់​វិធានការ​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អេឡិចត្រូនិក​ណា ដែល​មាន​ច្បាប់​អនុញ្ញាត តែ​ផ្សព្វ​ផ្សាយ​លើ្មស​ច្បាប់ ព្រម​ទាំង​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​ប្រៃសណីយ៍ ឲ្យ​ចាត់​វិធានការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អេឡិច​ត្រូនិក​ដែល​បើក​អាជីវកម្ម​ដោយ​ខុស​ច្បាប់ ឬ​ផ្សាយ​ព័ត៌មាន​ ដោយ​ចេតនា ​ដើម្បី​បង្ក​ចលាចល​នៅ​ក្នុង​សង្គម​។ រី​ឯ​ក្រសួង​មហាផ្ទៃ​វិញ មាន​ភារកិច្ច​សិក្សា ស្រាវជ្រាវ ស្វែង​រក និង​ឈាន​ទៅ​បង្ក្រាប​​គេហទំព័រ​ និង​បណ្ដាញ​សង្គម​ណា ដែល​ផ្សព្វផ្សាយ​ល្មើស​ច្បាប់។

​សេចក្តី​ប្រកាស​របស់​អន្តរ​ក្រសួង​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​រិះគន់​ថា​ រដ្ឋាភិបាល​ធ្វើ​ជ្រុល ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​អប់​រំ​ប្រជាពលរដ្ឋ​​​ពី​ការ​ប្រើ​ប្រាស់​អ៊ីនធឺរណិត​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ ​ទើប​ប្រសើរ៕