បរទេស៖ រដ្ឋមន្ត្រីការពារជាតិប្រទេសអាមេរិក នៅសប្ដាហ៍នេះ នឹងទៅបំពេញទស្សនកិច្ចរបស់ខ្លួន នៅក្នុងប្រទេសចិន ដើម្បីពិភាក្សាពីបញ្ហាអាវុធមហាប្រល័យលោក (នុយក្លេអ៊ែរ) និងិជម្លោះដ៏ចម្រោងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង ដោយសារប្រទេសចិនបានស្ថាបនាកោះសិប្បនិម្មិត និងបំពាក់នូវគ្រឿងសព្វាវុធទំនើបៗ នៅទីនោះ។

បើយោងតាមភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយនៅពេលថ្មីៗនេះថា លោក ជេម ម៉ាធីស (James N. Mattis) រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។ នៅក្នុងដំណើរចេញទៅកាន់ទ្វីបអាស៊ីនោះ លោករដ្ឋមន្ត្រីនឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ គោលដៅ នៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទៅកាន់តំបន់អាស៊ីននាពេលនេះ គឺផ្ដោលទៅលើបញ្ហាជាច្រើន រួមមាន បញ្ហា​អាវុធនុយក្លេអ៊ែរ​របស់ប្រទេសកូរ៉េខាងជើង និង​បញ្ហា​ជម្លោះ​ដ៏ចម្រូងចម្រាស នៅក្នុងដែនសមុទ្រ​ចិន​ខាងត្បូង ​ដែល​ចេះតែបន្ត​កើន​កម្តៅ​។​

នៅពេលទៅដល់ប្រទេសចិននោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកគ្រោងនឹង​ជួប​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន ​ដើម្បី​ស្នើ​ឲ្យ​ក្រុង​ប៉េកាំង​បន្ត​ដាក់​សម្ពាធទៅ​លើ​មេដឹកនាំ នៃកូរ៉េខាងជើង​ឲ្យ​បោះបង់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ ​តាម​អ្វីដែលខ្លួនបានសន្យា​ នៅក្នុងជំនួបកំពូល រវាងលោក Donald Trump ប្រធានាធិបតីអាមេរិក ជាមួយនឹងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី។​

លោក ម៉ា​ធី​ស រដ្ឋមន្រ្ដីក្រសួងការពារជាតិអាមេរិក ​កាលពី​ថ្ងៃអាទិត្យ ​ទី២៤ ខែមិថុនា ម្សិលមិញនេះបានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​ចិន ​មាន​គោលដៅ​រួមគ្នា គឺ​ធានាថា ​ការរំសាយ​សព្វាវុធ​នឹងមានយ៉ាងពេញលេញ មិនអាច​ត្រឡប់ក្រោយ​បាន និង​អាច​ផ្ទៀងផ្ទាត់​បានច្បាស់លាស់​ផង​។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានបន្តថា បន្ទាប់ចាកចេញពីប្រទេសចិន ​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខនេះ លោកនឹង​បន្តដំណើរ​ទៅកាន់​ប្រទេសកូរ៉េខាងត្បូង និង​ជប៉ុន ហើយលោក​នឹង​ជួប​មួយ​សម​ភាគី​កូរ៉េខាងត្បូង Song Young-Moo និងសម​ភាគី​ជប៉ុន Itsunori Onodera ទៀត​។ នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​នោះ លោកនឹង​ពន្យល់​ដល់សម្ព័ន្ធមិត្ត​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ជំហរ​របស់អាមេរិក​ក្នុង​ការជួយ​ធានា​សន្តិសុខ​​ នៅក្នុងតំបន់​។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានបន្តថា គោលជំហររបស់អាមេរិក​នឹងមិន​ប្រែប្រួល​ឡើយ បើទោះជា​លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រកាស​ផ្អាកពីការធ្វើសមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​ក៏ដោយ។ នេះគឺជា​ការធ្វើសម្បទាន​ដ៏​ធំមួយ​ទៅ​ឲ្យប្រទេស​កូរ៉េខាងជើង​​។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានបន្តថា នៅពេលជួបជាមួយនឹងសមភាគីចិននោះ លោកនឹង​ឈ្លេចសួរ​ចិន ពី​មហិច្ឆតា​ពិតប្រាកដ ពាក់ព័ន្ធនឹងការ​ដំឡើង​សព្វាវុធ ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូងនោះផងដែរ។​

​ប្រមុខ​ការពារជាតិ​អាមេរិក នៅតែបារម្ភ​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក ក្រោយពេល​រដ្ឋាភិបាលក្រុង​ប៉េកាំង​ដំឡើង​សព្វាវុធ ​នៅលើ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ ដោយលោក​​ថ្លែងថា ចិន​កំពុង​បង្កើន​មហិច្ឆតា​យុទ្ធសាស្ត្រ​របស់ខ្លួន និង​បង្កើន​អំណាច​យោធា​កាន់តែ​ខ្លាំង នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​​៕