រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅព្រឹកថ្ងៃចន្ទនេះថា អ្នកដែលចូលទឹកដីអាមេរិកដោយខុសច្បាប់ នូវត្រូវបញ្ជូនត្រឡប់ទៅកាន់កន្លែងដែលពួកគេបានមកវិញភ្លាមៗ ដោយគ្មានឆ្លងកាត់ដំណើរតុលាការនោះឡើយ, ជាទង្វើមួយ ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនអន្តោប្រវេសន៍ទូទាំងពិភពលោក ដែលក្នុងនោះជនអន្តោប្រវេសន៍ខុសច្បាប់កម្ពុជាក៏មានប្រមាណជាង១៩០០នាក់ដែរ ដែលកំពុងជាប់ឃុំឃាំង ហើយប្រឈមនឹងការបណ្តេញចេញ។

ប្រឈមនឹងការស្រែកតវ៉ា និងសម្ពាធជាសាធារណៈ សូម្បីតែពីនៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក លោកត្រាំ ពីសប្តាហ៍មុនបានផ្លាស់ប្តូរគោលនយោបាយរបស់លោក នៃការញែកកុមារអន្តោប្រវេសន៍ចេញពីឪពុកម្តាយពួកគេនៅឯព្រំដែន ធ្វើដូច្នោះមនុស្សពេញវ័យអាចត្រូវគេឃុំឃាំង និងកាត់ទោស ជាដំណើរការមួយ ដែលតាមធម្មតាប្រើពេលច្រើនខែ។
ចាប់តាំងពីមានការបត់បែនលើបញ្ហានោះកាលពីថ្ងៃពុធ លោកត្រាំ បានរងនូវការរិះគន់ទ្វេរដងពីច្បាប់អន្តោប្រវេសន៍អាមេរិកលើគេហទំព័រ Twitter និងក្នុងសុន្ទរកថាជាច្រើន ដែលលោកបានប្រដូចជនចំណាកស្រុកខុសច្បាប់តាំងនោះទៅនឹងអ្នកឈ្លានពាន ដោយព្យាយាម​«ទម្លាយចូលមក»ប្រទេសនេះ។

លោកត្រាំ បានសរសេរក្នុងគណនី Twitter នៅព្រឹកនេះថា៖​«យើងមិនអាចអនុញ្ញាត្តឲ្យអ្នកទាំងអស់នេះ ឈ្លានពានប្រទេសយើងទេ។ នៅពេលអ្នកណាម្នាក់ចូលមក យើងត្រូវតែភ្លាមៗ មិនចាំបាច់កាវិនិច្ឆ័យ ឬឡើងក្តីតុលាការអ្វីទេ នាំយកពួកគេត្រឡប់ទៅកន្លែងដើមវិញ។ ប្រព័ន្ធរបស់យើង គឺត្រូវបានគេចំអកថា មិនមែនជាគោលនយោបាយល្អ និងមិនមែនជាច្បា់និងបទបញ្ជាល្អ»។
លោកប្រធានាធិបតីអាមេរិក​ ដែលមានទំនោរជាតិនិយមរូបនេះ បានគូសបញ្ជាក់ទៀតថា៖ «មិនអាចទទួលយកអ្នកទាំងអស់នេះ ដែលកំពុងព្យាយាមទម្លាយចូលប្រទេយើងទេ។ ព្រំដែនរឹងមាំ គ្មានឧក្រិដ្ឋកម្មទេ»។
លោកត្រាំ ពុំបានបញ្ជាក់ពិភាពខុសគ្នារវាងអ្នកដែលបានចូលទឹកដីអាមេរិកដើម្បីស្វែងរកសិទ្ធិជ្រកកោន និងជនអន្តប្រវេសន៍នោះទេ។
កាលពីដើមខែមេសាថា ពលរដ្ឋកម្ពុជា ៤៣នាក់ បានធ្វើមាតុភូមិនិវត្តមកដល់រាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានបណ្តេញចេញពីអាមេរិក ក្រោមច្បាប់មួយ ដែលអនុញ្ញាត្តឲ្យធ្វើមាតុភូមិនិវត្តជនអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋផ្សេង និងមិនអាចក្លាយជាពលរដ្ឋអាមេរិកបាន។

យោងតាមការិយាល័យអនុវត្តន៏ច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ឲ្យដឹងថា ប្រជាជនកម្ពុជាប្រមាណជាង១៩០០នាក់ទៀត បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំង និងប្រឈមនឹងការបណ្តេញចេញភ្លាមៗ។ ក្នុងចំណោមពួកគេ មានប្រមាណ​១៤០០នាក់ ជាឧក្រិដ្ឋជន ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋផ្សេងៗគ្នា។ នេះបើតាមរបាយការណ៍របស់កាសែត ឡូស អេនចឺឡេស​ ថែមស៍។
ទីភ្នាក់ងារ ICE អាមេរិក បាននិយាយថា ចំនួនឧក្រិដ្ឋ​​១៦,៤ម៉ឺននាក់ ត្រូវបានបណ្តេញពីអាមេរិក ក្នុងដំណើរការបណ្តេញចេញកាលពីឆ្នាំ២០១៧ ហើយសម្រាប់ឆ្នាំ២០១៨នេះ ចំនួននឹងឡើងដល់២០ម៉ឺននាក់។
ច្បាប់អន្តោប្រវេសន៍អាមេរិក ផ្តល់ឲ្យនូវសិទ្ធិពិតប្រាកដជាច្រើនសម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលត្រូវបានចាប់ខ្លួនដោយ ការិយាល័យអនុវត្តន៏ច្បាប់អន្តោប្រវេសន៍ និងគយ(ICE)។ ក្នុងនោះករណីភាគច្រើនបំផុត ពួកគេត្រូវបានអនុញ្ញាត្តឲ្យមានសវនាការពេញលេញ នៅចំពោះមុខចៅក្រមអន្តោប្រវេសន៍ មុនពេលត្រូវគេបណ្តេញចេញ៕
សហការី KBN