ទឹក គឺជាប្រភពរស់ សម្រាប់ភាវរសគ្រប់យ៉ាង ដែលមានជីវិតនៅលើផែនដីនេះ ហើយគ្រប់ជីវិត សុទ្ធតែត្រូវពឹងផ្អែកលើទឹកនេះ ដោយខានពុំបាន។ ប៉ុន្តែការពិសារទឹក គ្រាន់តែដើម្បីបំបាត់ការស្រេកទឹកនោះ គឺមិនមែនជាកាយវិការត្រឹមត្រូវនោះទេ។ ការដកដង្ហើម ការបញ្ចេញញើស និងតួនាទីរាងកាយជាច្រើនផ្សេងទៀត សុទ្ធតែត្រូវការការចូលរួមចំណែករបស់ទឹក។ យោងតាមអ្នកឯកទេសខាងទឹកនិងសុខភាព ឲ្យដឹងថា ការពិសារទឹក តាមវិធីត្រឹមត្រូវ ពិតជាជួយដល់រាងកាយមនុស្ស​ដើម្បីឲ្យទទួលបាននូវសុខភាពល្អ។ ការទទួលទានទឹក កំពុងសាងគុណប្រយោជន៍គួរឲ្យចាប់អារម្មណ៍យ៉ាងតិច១០យ៉ាង ដែលមានជម្រាបជូនដូចខាងក្រោមនេះ៖

១. ចំណុចល្អបំផុតមួយ ដែលអ្នកអាចជួយរាងកាយរបស់អ្នក គឹត្រូវពិសារទឹកចំនួន៨កែវ មួយថ្ងៃ។ អ្នកប្រហែលជាធ្លាប់លឺដូច្នេះ១លានដងមកហើយ ប៉ុន្តែការពិតនៅតែជាការពិត។ តាមរយៈការពិសាទឹក៨កែវ(ប្រហែល២លីត្រ) ១ថ្ងៃ វានឹងរក្សាឲ្យស្បែករបស់អ្នកមានសំណើម ហើយឱកាសនៃស្បែកស្ងួត នឹង​កាត់បន្ថយ ខណៈអ្នកញ៉ាំទឹកកាន់តែច្រើនថែមទៀត។

២. ដោយសារទឹកមានបរិមាណ៦០ភាគរយ នៅក្នុងដងខ្លួនអ្នក ដូច្នេះទឹកជាចំណែកមិនអាចខ្វះបានសម្រាប់មនុស្ស ព្រោះគ្រប់ប្រព័ន្ធនិមួយៗរបស់រាងកាយ គឺសុទ្ធតែពឹងផ្អែកលើទឹកទាំងអស់។ ប្រព័ន្ធរំលាយអាហារុំ ប្រព័ន្ធប្រាសាទ និងប្រព័ន្ធឈាមរត់ សុទ្ធតែត្រូវការទឹកដើម្បីបំពេញមុខនាទីទាំងអស់។ បើសិនជាអ្នកពុំមានបរិមាណទឹកគ្រប់គ្រាន់នៅក្នុងប្រព័ន្ធរាងកាយអ្នកទេ វាអាចចាប់ផ្តើមប៉ះពាល់ដល់ដំណើរការមុខនាទីរបស់សរីរាង្គដូចជាតម្រងនោមជាដើម។ អ្នកអាចមិនដឹងថា អ្នកពិតជាបាត់បង់ទឹកតាមរយៈការដកដង្ហើម ការបែកញើស និងទឹកនោម និងចលនារបស់ពោះវៀននោះទេ ប៉ុន្តែនៅពេលអ្នកបាត់បង់ជាតិទឹក អ្នកត្រូវតែធ្វើឲ្យប្រាកដថា អ្នកបំពេញវាឡើងវិញ។ អ្នកអាចធ្វើដូច្នោះបាន ដោយពិសារទឹកដោយផ្ទាល់ ឬដោយទទួលទានអាហារណា​ដែលមានជាតិទឹក។

៣. ការពិសារទឹកជួយអ្នកឲ្យចុះទម្ងន់ ព្រោះទឹកលាងសម្អាតចេញរាល់អនុផល នៃការបំបែកជាតិខ្លាញ់។ ការទទួលទានទឹក ដើម្បីកាត់បន្ថយការស្រេកឃ្លាន វាគឺជាការបំបាត់ចំណង់អាហារ ប្រកបដោយប្រសិទ្ធភាព ធ្វើដូច្នេះអ្នកនឹងទទួលទានអាហារកាន់តែតិច។ កាន់តែល្អបន្ថែមពីលើនោះទៀតគឺ ទឹកមានកម្រិតកាឡូរីសូន្យ។

៤. អ្នកនឹងមើលទៅក្មេងជាងវ័យ នៅពេលដែលស្បែកអ្នកមានសំណើមត្រឹមត្រូវ។ ទឹកជួយបំពេញបន្ថែមជាលិការបស់ស្បែក ជួយរក្សាសំណើមស្បែក និងជួយបង្កើនភាពទន់របស់ស្បែក។

៥. ខួរក្បាលរបស់អ្នកទាំងមូល ស្ទើរតែបង្កើតឡើងអំពីទឹក ដូច្នោះហើយការទទួលទានទឹក ពិតជាជួយឲ្យអ្នកគិតគូរបានកាន់តែប្រសើរ កាន់តែវៀងវៃ និងកាន់តែមានការយកចិត្តទុកដាក់។

៦. ការពិសារទឹក ជួយសម្រួលដល់សីតុណ្ហភាពក្នុងរាងកាយអ្នក។ នោះគឺមានន័យថា អ្នកនឹងមានអារម្មណ៍កាន់តែមានថាមពល នៅពេលធ្វើការហាត់ប្រាណ ព្រោះទឹក ក៏ជួយផ្តល់ថាមពលដល់សាច់ដុំរបស់អ្នកផងដែរ។

៧. ការទទួលទានទឹកច្រើន ជួយឲ្យអ្នកប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្តាសាយ និងជម្ងឺជាច្រើនទៀតដូចជា ជម្ងឺគ្រួសតម្រងនោម, ​ជម្ងឺគាំងបេះដូង, ជម្ងឺសន្លាក់ឆ្អឹង និង ជម្ងឺសន្លាក់ដៃជើង។ល។និង។ល។ គេអាចនិយាយបានម៉្យាងទៀតពីអត្ថប្រយោជន៍នៃការពិសាទឹកថា វាអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំនឹងជម្ងឺ កាន់តែប្រសើរឡើង។

៨. ទឹក ត្រូវបានរាងកាយប្រើប្រាស់ ដើម្បីឲ្យជួយបណ្តេញជាតិពុល និងសំណល់ផ្សេងៗចេញពីរាងកាយ។ បើសិនជាអ្នកខ្វះទឹក ជាឧទាហរណ៍ បេះដូងអ្នក ត្រូវតែធ្វើការកាន់តែលំបាក ដើម្បីបញ្ពូនឈាមដែលមានអុកស៊ីសែនទៅកាន់គ្រប់កោសិកា ក៏ដូចជាសរីរាង្គសំខាន់ៗផ្សេងទៀតដែរ ពេលនោះសរីរាង្គរបស់អ្នក នឹងអស់កម្លាំង ហើយអ្នកក៏នឹងអស់កម្លាំងដែរ។

៩. នៅពេលអ្នកឈឺ អ្នកពិតជាត្រូវការផឹកវត្ថុរាវជាច្រើនមុខ។ បើសិនអ្នកមានជម្ងឺគ្រុនក្តៅ,​ក្អួតចង្អុរ និងរាគរូស វានឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹកពីក្នុងរាងកាយ។ បើសិនជាអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន អ្នកត្រូវការឲ្យមានជាតិទឹក្នុងខ្លួន ព្រោះវាមានសារៈសំខាន់ណាស់ចំពោះទារករបស់អ្នក ដែលត្រូវតែមានជាតិទឹកជានិច្ច។ នៅពេលអ្នកបំបៅដោះកូន អ្នកនឹងបាត់បង់ជាតិទឹកកាន់តែច្រើននៅពេលនោះ ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណាឲ្យមានទឹកមកជាប់ជានិច្ច។

១០. ហេតុផលដ៏អស្ចារ្យមួយទៀត ដែលត្រូវតែពិសារទឹក គឺដើម្បីបំពេញបន្ថែមចំពោះញើសដែលបានបាត់បង់ ក្នុងពេលហាត់ប្រាណ ឬនៅក្នុងអាកាសធាតុក្តៅ។ រក្សាបាននូវជាតិទឹកក្នុងខ្លួនរបស់អ្នក ក្រចករបស់អ្នក នឹងមិនប្រេះខ្លាំងពេក ហើយវា​​នឹងបន្តធ្វើឲ្យក្រចកទាំងនោះ មានសុខភាពល្អ។

ថាតើអ្នកអាចទទួលទានទឹកបែបណា ទើបជាវិធីត្រឹមត្រូវ ខាងក្រោមនេះជាគំនិតល្អខ្លះ ដែលគួរប្រតិបត្តិតាម។
.អ្នកអង្គុយញ៉ាំអាហារយ៉ាងណា អ្នកក៏អង្គុយពិសារទឹកដូចគ្នានោះដែរ។
.ចូរញ៉ាំទឹកតែបន្តិច មិនមែនផឹកក្អឿកៗមួយកែវពេញនោះទេ គឺក្រេបបន្តិច លេប ដកដង្ហើម រួចក៏ធ្វើដូច្នោះឡើងវិញ គឺជាកាយវិការត្រឹមត្រូវ។
.ចូរទទួលទានទឹកពេញមួយថ្ងៃ។ បើសិជាអ្នកមានទម្លាប់ញ៉ាំទឹកច្រើនម្តង ចូអ្នកចាំថា រាងកាយរបស់អ្នក នឹងមិនពិតជាទទួលយកទឹកទាំងអស់នោះទេ។

ចូរពិសារទឹក មានសីតុណ្ហភាពក្នុងបន្ទប់។ វិសេសបំផុតនោះ ទឹកក្តៅ គឺល្អសម្រាប់សុខភាព។ ទឹកត្រជាក់ ឬដាក់ទឹកកក នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកបិទ។

.ចូក្រេបទឹកបន្តិច​ជាមួយអាហារកំពុងទទួលទានរបស់អ្នក។ បើសិនអ្នកពិសាទឹកច្រើនពេក ពេលកំពុងញ៉ាំ ក្រពះរបស់អ្នក នឹងមិនមានចន្លោះគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពរំលាយអាហារទេ។ អ្នកជំនាញ បាននិយាយថា ចូរបំពេញក្រពះរបស់អ្នកនូវអាហារ ៥០% ទឹក​២៥% និងទុក២៥%ភាគរយទំនេរសម្រាប់ទឹករំលាយអាហារ និងដំណើរការរំលាយអាហារ។

.មុន និងក្រោយពីទទួលទានអាហារ កុំពិសារទឹកច្រើនពេក។

.ចូរពិសារទឹក នៅពេលអ្នកស្រេក។ ការស្រេកទឹក គឺជាការដាល់តឿនតាមធម្មជាតិមួយ ពីរាងកាយថា អ្នកត្រូវបំពេញជាតិទឹក។ ការស្រេកទឹកនេះ ជាការបង្ហាញយ៉ាងច្បាស់ថា រាងកាយអ្នកត្រូវការទឹកហើយ៕

សហការី KBN