ភ្នំពេញ ៖ រណ្តៅកាប់កាយ ខ្សាច់ និងរណ្តៅដី នៅក្នុងភូមិសាស្រ្តសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអះអាងថា ជារណ្តៅ កាប់កាយយកខ្សាច់ និងរណ្តៅកាប់ដី របស់លោក លាន អាព្រីលគីនីន អតីតជាពិធីករ ផ្លាស់ប្តូរនូវមុខរបរ មកប្រឡូកក្នុងការងារ កាប់ខ្សាច់ លក់ដី វិញម្តង ។

តាមប្រជាពលរដ្ឋ បានលើកឡើងនិងកោតសរសើរលោក គីនីន មានគំនិត ខិតខំបង្កើតមុខរបរថ្មីៗ កន្លងមកលោកបើករបរ ប្រជល់មាន់ បើកសង្វៀនបនល្បែងសុីសងដ៏ធំមួយ នៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។

ជុំវិញមុខរបរខាងលើ ជួបជាមួយលោក គីនីន កន្លងមក លោកបានប្រាប់ថា លោកលាឈប់ បង្កើតមុខរបរណាដែលល្មើសច្បាប់ ខុសច្បាប់ទៀតហើយ ក៏ប៉ុន្តែការលាឈប់មុខរបរខុសច្បាប់ របស់លោក បញ្ឈប់បើកសង្វៀនប្រជល់មាន់ លោកមកបើករបរ កាប់ដី កាយ បូមខ្សាច់ រណ្តៅដ៏ជ្រៅៗ ក្នុងសង្កាត់បឹងធំ និងបន្តកាប់រណ្តៅដីថ្មីមួយទៀត នៅក្នុងសង្កាត់បឹងធំនោះផងដែរ ។

មុខរបរកាប់កាយរណ្តៅ ខ្សាច់ និងរណ្តៅ ដី របស់លោក លាន អាព្រីលគីនីន បើតាមប្រជាពលរដ្ឋនិយាយ មិនដឹងថាមានច្បាប់ ឬអត់ច្បាប់នោះទេ គ្រាន់តែពិតជាមានមែន រណ្តៅខ្សាច់មួយ និង រណ្តៅដីមួយ នៅក្នុងភូមិសាស្រ្ត សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ។ សកម្មភាពទាំងនេះ បើគ្មានការអនុញា្ញតពីលោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ និងលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ ក៏មិនអាចអនុញ្ញាតិ លោកគីនីន កាប់ដី កាយខ្សាច់លក់ បានដែរ ។

តែទោះជាយ៉ាងណាក្តី កន្លងមក លោកគីនីន ធ្លាប់បានប្រាប់អ្នកសារពត៌មានក្នុងស្រុកថា លោកឈប់រក ឈប់បង្កើតមុខរបរណា ខុសច្បាប់តទៅទៀតហើយ លោករកតែមុខរបរណាស្របច្បាប់ តែចំពោះ រណ្តៅដី រណ្តៅខ្សាច់ របស់លោក មានច្បាប់ ឬអត់ច្បាប់ មិនទាន់ដឹងឡើយ ៕