ខេត្តព្រះសីហនុៈ ក្មេងស្ទាវម្នាក់ បានពឹងពស្រ្ដីម្នាក់ ដែលមានប្ដីឱ្យជូនដើររកស្រីស្នេហ៍របស់ខ្លួន ក៏ជួបនឹងប្ដីរបស់នាង ដេញតាមមករករឿង បង្កឲ្យកើតមានជម្លោះនឹងគ្នា ទើបជននេះបានកេណ្ឌបក្ខពួករបស់គទាញកាំបិតប័ុងតោ ដេញកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងក្រុមទី១០ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះ​សីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង័្សយ ឈ្មោះភាព វ៉ាន់ឆៃ ហៅញ៉ាញ់ បានបាត់ស្រីស្នេហ៍របស់ខ្លួន ដែលជាមនុស្សរាប់អានគ្នាជាមួយនឹងប្រពន្ធរបស់ជនរងគ្រោះ។ នៅពេលនោះ ជនសង្ស័យបានពឹងពប្រពន្ធរបស់ជនរងគ្រោះ​ឱ្យ​ជួយ​ជូនទៅដើររក។ ដោយសារតែអាងថា ជាមនុស្សស្គាល់គ្នា ប្រពន្ធរបស់ជនរងគ្រោះក៏ស្ម័គ្រចិត្តជូនជនសង័្សយទៅដើររកសង្សាររបស់គេ។ លុះពេលជនសង័្សយបើកម៉ូតូដឹកប្រពន្ធរបស់ជនរងគ្រោះមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបនឹងជនរងគ្រោះ។

ដោយឡែជនរងគ្រោះវិញ បន្ទាប់ពីឃើញប្រពន្ធរបស់ខ្លួនជិះម៉ូតូជាមួយនឹងជនសង័្សយ ធ្វើឲ្យគេគិតថា ប្រពន្ធរបស់ខ្លួនលួចមានសហាយស្មន់ក្បត់ចិត្ដខ្លួនជាប្ដី បង្កឲ្យកើតនូវរឿងប្រចណ្ឌ។ ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាម និងរករឿងជនសង័្សយ បណ្ដាលឲ្យកើតមានជម្លោះនឹងគ្នា។ នៅពេលនោះ ជនសង័្សយបានហៅបក្ខពួករបស់ខ្លួនចំនួន២នាក់ទៀតមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។

មន្រ្ដីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីអំពើិហិង្សា ដោយចេតនា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ ម៉ែន សុខហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ជនដៃដល់) បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រុមទី១៦ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី-ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ (ម្ចាស់កាំបិត ជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង) បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ សៀង ដូ ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាសុីន (ជាអ្នកបើកម៉ូតូ និងជាអ្នកសមគំនិត) បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រីឯជនរងគ្រោះ ឈ្មោះ ឡូង​ ផារី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេនគរសំរឹទ្ធ បច្ចុប្បន្នរស់នៅ ក្រុមទី20 ភូមិ01 សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ បានរងរបួសក្បាលត្រង់​លើ​ត្រចៀកខាងឆ្វេង(ធ្ងន់) បច្ចុប្បន្នបានដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលដដែល បានបន្តថា ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) និងកាំបិតបុ័ងតោ ដងដែក(អាវុធសម្រាប់ធ្វើសកម្មភាព)។

ក្រោយពេលកើតហេតុ សាច់ញាតិបានដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ។ ដោយឡែក ជន​សង័្សយវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕