ខេត្តបន្ទាយមានជ័យៈ ជនសង័្សយ២នាក់បានចរាចរថ្នាំញៀនជាង២រយដប តែអស់លក្ខណ៍ ត្រូវកម្លាំង​កងរាជអាវុធហត្ថ​ បង្រ្កាបបានកាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២០ ​ខែមិថុនា ឆ្នាំ​២០១៨​ នៅតាមផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ស្ពាន​តា​ផា​ន់ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីថ្នាំញៀន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ រួម​មាន​ទី១-​ឈ្មោះ ឡាយ ទិ​ត្យ​សីហា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​ថ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ទី២-​ឈ្មោះ ឌឿ​ម មីនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ម្ចាស់​រថយន្ត រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ក្រៅពីឃាត់ខ្លួនជនសង័្សយទាំង២នាក់ខាងលើនេះ សមត្ថកិច្ចក៏ដកហូតបាននូវវត្ថុតាងមួយចំនួន រួមមាន រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-4432 ​ថ្នាំ​ដប​កេ​តា​មីន​ចំនួន​២៥០​ដប ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ខេ​ទឹកកក​ចំនួន​២​កូន​ថង់​តូច ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ប័ណ្ណបើកបរ​១​សន្លឹក កាត​គ្រី​រថយន្ត​១​សន្លឹក និង​ប័ណ្ណ​ធនាគារ​១​សន្លឹក​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បានឱ្យ​ដឹង​ថា កាលពីវេលាខាងលើនេះ កម្លាំង​អាវុធហត្ថ​ខេត្ត និង​ក្រុង​សិរី​សោភ័ណ ក្រោមការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តបន្ទាយមានជ័យបាន​ស្រាវជ្រាវ និង​ដេញ​ស្ទាក់​រថយន្ត​មួយ​គ្រឿង​ ដែលកំពុងបើកបរយ៉ាងលឿនតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ តាំងពីភូមិ​អូរ​ស្ងួត ​ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បុ​រី រហូត​ចាប់​បាន​នៅ​ចំណុច​ស្ពាន​តា​ផា​ន់ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ទើបឃាត់​បាន​ទាំងរថយន្ត​ និងមនុស្ស។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំងអាវុធហត្ថ​បាន​នាំ​យក​មក​សាកសួរ​ នៅក្នុង​បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបន្តថា នៅពេលនោះ សមត្ថកិច្ចបាន​ឆែកឆេរ​រថយន្ត​ និង​សាកសួរ​ចម្លើយ​ជាជំ​ហាន​ដំបូង​ ហើហជនសង្ស័យ ​ឈ្មោះ ឡាយ ទិ​ត្យ​សីហា បាន​សារភាព​ថា ថ្នាំទាំង​នេះ​ គឺរូបគេបាន​ទទួល​ពី​ស្ត្រី​ម្នាក់ រស់​នៅ​ខេត្តបាត់ដំបង​ ដើម្បី​យក​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត។ ដោយឡែក​ជនសង័្សយ ឈ្មោះ ឌឿ​ម មីនា បាន​សារភាព​ថា ខ្លួន​ជា​អ្នក​រត់​តាក់ស៊ី​ ហើយ​ឈ្មោះ ឡាយ ទិ​ត្យ​សីហាបានម៉ៅ​រថយន្ត​របស់គេជិះ​តែម្នាក់​ឯង​ពី​ខេត្តបាត់ដំបងទៅកាន់​ក្រុង​ប៉ោយ​ប៉ែ​ត ​ក្នុង​តម្លៃ​១២​ម៉ឺន​រៀល​។

ក្រោយ​ពេល​ឃាត់ខ្លួន​សង្ស័យ​ទាំង​២​នាក់ និង​ផ្អែក​តាម​ចម្លើយ​សារភាព រួម​ទាំង​មាន​វត្ថុ​តាង​ជាក់ស្តែង មន្ត្រី​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​ បញ្ជូនជនសង័្សយ​ទៅ​កាន់សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​តាម​ច្បាប់៕