បន្ទាប់ពីបែកធ្លាយ ពីវីដេអូឃ្លីបមួយ ដែលបានថតដោយតារាសម្តែង ប៉ែន ចំរុង ជាមួយនិងប្រពន្ធថ្មីរួចមក ត្រូវបានអ្នកគាំទ្រ និងទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកទាំង២នាក់ បានបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ក្នុងថ្ងៃខួបកំណើត របស់លោក ប៉ែន ចំរុង ។

វីដេអូឃ្លីបនេះផងដែរ បានថតដោយលោក ប៉ែន ចំរុង ផ្ទាល់តែម្តង ហើយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ជាពិសេសសារព័ត៌មាន បានបង្ហោះព្រោងព្រាតពីទំនាក់ទំនងថ្មី ក្រោយពីបែកបាក់ជាមួយ តារាស្រី ភិន សុដាលីស ហើយនៅក្នុងវីដេអូនេះផងដែរ គេបានឮពាក្យជូនពរគ្នាទៅវិញទៅមក ថើបមាត់គ្នាលក្ខណៈជាប្តីប្រពន្ធ ដោយខាងស្រីបាននិយាយថា “សូមជូនពរឲ្យស្រលាញ់អូនឲ្យច្រើនៗ តែម្នាក់បានហើយណា!!! … ហើយកុំខូចទៀត!!! ការងារចំណូលឲ្យច្រើនៗ ជោគជ័យ កាន់តែល្បី ។”

ខណៈពេលនោះដែរ លោកប៉ែន ចំរុង ក៏បានប៉ងប្រាថ្នា នៅមុខប្រពន្ធថ្មីផងដែរ ដោយនិយាយថា “ជួបតែរឿងល្អៗ ជួបតែមនុស្សដែលស្រលាញ់ ហើយនិងជួបតែសេចក្តីសុខ គ្រប់យ៉ាង… សូមឲ្យពិភពលោកនេះ ពោរពេញដោយភាពស្រស់ស្រាយ … ឈប់គិតច្រើនថាប្តីមានស្រីណា…” ។

ទោះជាយ៉ាងណា វីដេអូឃ្លីបនេះ នៅមិនទាន់មានការបកស្រាយ ពីសមីខ្លួនលោក ប៉ែន ចំរុង ថាយ៉ាងណានៅឡើយទេ ហើយទស្សនិកជនកំពុងតែរង់ចាំមើល និងចាំស្តាប់ចេញពីមាត់របស់លោកផ្ទាល់ថា តើនារីម្នាក់នេះ ជាប្រពន្ធថ្មីរបស់លោក ឬយ៉ាងណា ៕