ជាធម្មតាក្នុងមួយឆ្នាំៗ ផែនដីតែងឆ្លងកាត់រដូវផ្សេងៗ ដូចជារដូវក្តៅ រដូវផ្ការីក រដូវស្លឹកឈើជ្រុះ និងរដូវរងាជាដើម។ មូលហេតុដែលបង្កឱ្យមានជារដូវបែបនេះ គឺដោយសារតែអ័ក្សរបស់ភពយើងមានលក្ខណៈផ្អៀងមិនត្រង់ស្មើ ដែលធ្វើឱ្យអ័ក្សរង្វិលខ្ញាល់របស់ផែនដីទ្រេតក្នុងរង្វាស់មុំ ២៣.៤ ដឺក្រេ ជាហេតុធ្វើឱ្យផ្នែកខុសៗគ្នានៅលើផែនដី ទទួលរងពន្លឺព្រះអាទិត្យខុសកម្រិតគ្នាដែរ នៅពេលវាគោចរជុំវិញព្រះអាទិត្យ។ ទោះជាយ៉ាងណាមានមនុស្សជាច្រើនយល់ថា រដូវកើតឡើងដោយសារគន្លងគោចររបស់ផែនដីវិលជុំវិញព្រះអាទិត្យ ដែលពេលខ្លះនាំភពយើងទៅកៀកនឹងវា បណ្តាលឱ្យកើតទៅជារដូវក្តៅ ហើយពេលនៅឆ្ងាយពីគ្នាវិញនាំឱ្យកើតជារដូវរងា។

ការយល់ឃើញនេះគឺមិនត្រឹមត្រូវទេ ទោះបីវាជាការពិត ដែលគន្លងគោចររបស់ផែនដី មិនមានរាងជារង្វង់មូលល្អឥតខ្ចោះតែម្តងក៏ដោយ ក៏ពេលខ្លះផែនដីនៅជិតព្រះអាទិត្យ និងពេលខ្លះនៅឆ្ងាយពីព្រះអាទិត្យ ប៉ុន្តែដោយសារគម្លាតដ៏សែនឆ្ងាយរវាងវត្ថុទាំងពីរ ការប្រែប្រួលបន្តិចបន្តួចនេះ មិនអាចជះឥទ្ធិពលអ្វីលើអាកាសធាតុនៅលើភពយើងទេ។ ដូច្នេះអ័ក្សរបស់ផែនដីគឺជាបង្គោលអរូបិយមួយ ហើយភពយើងវិលជុំវិញបង្គោលនេះដែលការវិលបានមួយជុំគឺស្មើនឹងមួយថ្ងៃ ហើយវាក៏ជាមូលហេតុបណ្តាលឱ្យមានពេលយប់ និងថ្ងៃនៅលើផ្ទៃផែនដីដែរ។ ប្រសិនបើអ័ក្សនេះមិនទ្រេតទេនោះ គឺត្រង់ស្មើពីលើដល់ក្រោម នោះក៏មិនអាចមានរដូវដូចបច្ចុប្បន្នដែរ។ 
ស្របពេលផែនដីគោចរជុំវិញព្រះអាទិត្យ អ័ក្សដែលទ្រេតរបស់វាចង្អុលទៅរកទិសតែមួយជានិច្ច។ ដូច្នេះហើយពេញមួយឆ្នាំ ទីតាំងខុសៗគ្នារបស់ផែនដី ទទួលបានពន្លឺព្រះអាទិត្យបាញ់ចំផ្ទាល់។ ជាទូទៅនៅកំឡុងខែធ្នូ បណ្តាប្រទេសភាគច្រើននៅអឌ្ឍគោលខាងត្បូង នឹងទទួលរងរដូវក្តៅ ខណៈប្រទេសភាគច្រើននៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវរងា ព្រោះពេលនោះ អឌ្ឍគោលខាងត្បូងទ្រេតមករកព្រះអាទិត្យខ្លាំង រីឯអឌ្ឍគោលខាងជើងទ្រេតចេញពីព្រះអាទិត្យ។ បាតុភូតនេះគេហៅថា December Solstice ឬ Winter Solstice។ ចំណែកនៅកំឡុងខែមីនា បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងនឹងទទួលរងរដូវស្លឹកឈើជ្រុះ ហើយប្រទេសនៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវផ្ការីក ខណៈព្រះអាទិត្យជះពន្លឺក្នុងកម្រិតស្មើគ្នាមកលើអឌ្ឍគោលទាំងពីរ។ 
បាតុភូតនេះគេហៅថា March Equinox ឬ Spring Equinox។ នៅកំឡុងខែមិថុនាវិញ គឺមានលក្ខណៈបញ្រ្ចាសគ្នាពីខែធ្នូ (June Solstice ឬ Summer Solstice) រីឯនៅកំឡុងខែកញ្ញាគឺបញ្ច្រាសគ្នាពីខែមីនា (September Equinox ឬ Fall Equinox)។ ប្រហែលជាមានអ្នកឆ្ងល់ថា ចុះហេតុអ្វីបានជាអ័ក្សផែនដីទ្រេតបែបនេះ។ បើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត តាំងពីយូរលង់មកហើយ នៅពេលផែនដីនៅមានអាយុក្មេងខ្ចី គេជឿជាក់ថាមានវត្ថុធំមួយដែលមកបុកភពរបស់យើង ហើយធ្វើឱ្យអ័ក្សរបស់វាមានការប្រែប្រួល គឺពីត្រង់ស្មើមកជាទ្រេតបន្តិច។ វត្ថុធំនោះត្រូវគេហៅថា Theia ដែលបានបង្កជាប្រហោងធំមួយលើផ្ទៃផែនដីនាពេលនោះ ហើយធ្វើឱ្យខ្ទាតកម្ទេចកម្ទីយ៉ាងច្រើនសម្បើមទៅក្នុងគន្លងអវកាស។ អ្នកវិទ្យាសាស្រ្តភាគច្រើនជឿថា កម្ទេចកម្ទីផែនដីទាំងអស់នោះហើយ ដែលបានបង្កើតជាព្រះចន្ទរបស់យើង៕










