ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ នេះ រថយន្តមន្ទីពេទ្យចំការចេកបានដឹកសាកសព្វអ្នកម្នាង អ៊ុក ផល្លា ចេញទៅសណ្ឋាគារសុខា ដើម្បីយកទៅភ្នំពេញតាម ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានសោយទិវង្គត នៅវេលាម៉ោង ជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿន និងវ៉ាជែងរថយន្តនៅពីមុខ តែវ៉ាមិនផុត ក៏វ៉ាក់អើ ហើយរេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។

កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ នៅខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕