បរទេស៖ យោងតាមវេបសាយ pw.com បានចុះផ្សាយពីហេតុការណ៍ ភ្លើងឆេះយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន អកាសចរណ៍ Lufthansa ដែលបានឈប់នៅក្នុងអាកាសយាន្តដ្ឋាន Frankfurt Airport របស់ប្រទេសអាល្លឺម៉ង់ ដោយនៅសុខៗ ស្រាប់តែមានផ្សែងខ្មួលខ្មាញ់ ចេញពីក្បាលយន្តហោះ ។

បន្ទាប់ហេតុការណ៍នេះ មានក្រុមអាជ្ញាធរពន្លត់ភ្លើង ចំនួន១០នាក់ បានចូលទៅបាញ់ពន្លត់ ភ្លើងដែលឆេះចេញពីក្បាលយន្តហោះខាងលើ ហើយចំណែកអ្នកដំណើរវិញ ព្រលឹងចុងសក់គ្រប់គ្នា សំណាងហើយដែលយន្តហោះ មិនទាន់បានហោះឡើងនៅឡើយ ។

ទោះជាយ៉ាងណា នៅមិនទាន់ដឹង ពីមូលហេតុនៅឡើយនោះទេ ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើនេះ គ្រាន់តែដឹងព័ត៌មានខ្លះៗថា ភ្លើងបានឆាបឆេះ ចេញពីរថយន្ត ដែលអូសយន្តហោះនោះ នេះបើតាមការមើល តាមកាម៉េរ៉ានៅក្នុងវីដេអូឃ្លីបមួយ ដែលគេបានថតទុក ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ថ្មីៗនេះ ខណៈពេលដែលរថយន្ត អូសយន្តហោះនោះ នៅសុខៗស្រាប់តែមានផ្កាភ្លើង បណ្តាលឲ្យឆាបឆេះ ឆ្លងរាលដាលដល់យន្តហោះតែម្តង ដោយយន្តហោះនោះ ម៉ាក Airbus A340-300 បើតាមការត្រួតពិនិត្យ នៅក្នុងបន្ទប់គ្រប់គ្រងការហោះហើរ របស់យន្តហោះ ត្រូវបានខូចខាតទាំងស្រុង ហើយមូលហេតុច្បាស់ការណ៍ កំពុងតែត្រូវបាន ប៉ូលិសជំនាញធ្វើការស៊ើបអង្កេតបន្តទៀត ៕