ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅ ខាងកើតផ្សារហេងលី ចង់ក្លាយទៅជាទំលាប់ហើយ ដែលបានស្រូបយកខ្យល់ ក្លិនស្អុយពីទឹកលូ និងសំរាម ដែលអ្នកភូមិនិងអ្នកស្នាក់នៅ បន្ទប់ជួលជិតឆ្ងាយយកមកបោះចោល តាមរបងផ្សារខាងលើនេះ ។

នាព្រឹកថ្ងៃអង្គារ៍ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បញ្ហាផលប៉ះពាល់សុខមាភាព របស់បងប្អូនប្រជាពលរដ្ឋ រឿងសំរាមនិងក្លិនទឹកស្អុយ ដែលហូរចេញពីលូ កាត់ផ្លូវ២៦៩ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សំណូមដល់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ជួយដោះស្រាយបញ្ហាខាងលើនេះផង ទាន។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា នៅតាមផ្លូវ២៦៩ ដែលចុះពីផ្លូវ២៧១បន្តិច មានទឹកលូហូរកាត់ជាប្រចាំ ដែលចេញពីផ្ទះខាងលើ រួមផ្សំជាមួយទឹកភ្លៀង នាពេលបច្ចុប្បន្នផងធ្វើអោយជះក្លិនស្អុយ នាំអោយប៉ះពាល់សុខភាព បងប្រជាពលរដ្ឋរស់នៅជិតនោះ និងបងប្អូនដែលធ្វើដំណើរឆ្លងកាត់ ផ្លូវខាងលើនេះផងដែរ។

ប្រភពបន្តទៀតថា នៅត្រង់ចំណុចទឹកលូរ ហូរកាត់នេះមិនដែលឃើញរីងស្ងួតទេ ដូចជាត្រពាំងទឹកមានខួបប្រាំងខួបវស្សា មិនឃើញមានអាជ្ញាធរសង្កាត់ទឹកល្អក់៣ ចុះមកគិតគួរឬសាកសួរឡើយ ធ្វើអោយពលរដ្ឋអស់សង្ឃឹម ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន តើលោកចៅសង្កាត់ រវល់ការងារខាងលើដាក់អោយពេក ឬក៏ធ្វើភ្លេចម្ចាស់ឆ្នោត?

ប្រជាពលរដ្ឋសំណូមទៅលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ជួយដោះស្រាយបញ្ហាសុខមាលភាព ដែលពួកគាត់ជារៀងរាល់ថ្ងៃ រស់នៅស្រូបយកក្លិនទាំងអស់នេះ ជំនួសខ្យល់ដកដង្ហើមចូលចេញផងទាន ៕