សិល្បៈ៖ ទស្សនិកជនជាច្រើនដែលតែងតែនិយមតាមដានទស្សនារឿងភាគខ្មែរ ក៏ដូចជា MV បទចម្រៀង ច្បាស់ជាបានស្គាល់រួចមកហើយ នូវសមត្ថភាព ក៏ដូចជារូបសម្បិត្តរបស់កញ្ញា ហេង ស្រីពេជ្រ ដែលភាគច្រើនកញ្ញា សម្ដែងជាតួអង្គជំទាវ និងម្ដាយក្នុងគ្រួសារអភិជនជាដើម ។

កញ្ញា ហេង ស្រីពេជ្រ ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានសាច់សខ្ចីទ្រលុកទ្រលន់ ព្រមទាំងមានដើមទ្រូងស្អាតផងដែរ ហើយដោយសារមានសម្រស់ស្អាតដូចនេះ ទើបយតារាស្រីញាត់សាច់គីឡូធ្ងន់រូបនេះ មានឱកាសច្រើនក្នុងការងារសម្ដែងមិនថាទាំងភាពយន្ត និង MV បទមច្រៀង ឱ្យផលិតកម្មមួយចំនួននៅក្នុងស្រុក ។

គេសង្កេតឃើញថា ថ្វីបើបច្ចុប្បន្ន កញ្ញា ហេង ស្រីពេជ្រ មានវ័យ ៣៣ឆ្នាំហើយយ៉ាងណាក្ដី ក៏កញ្ញា នៅតែអាចឈរជើងយ៉ាងរឹងមាំនៅលើវិថីសិល្បៈ ហើយរហូតមកទល់ពេលនេះកញ្ញា បានសម្ដែងជិត ១០០រឿងហើយ ភាគច្រើនជាតួអង្គម្ដាយ បងស្រី និងជំទាវ ជាដើម ។

ជួបជាមួយក្រុមការងារ KBN ហេង ស្រីពេជ្រ បានឱ្យដឹងថា បច្ចុប្បន្នក្រៅពីអាជីពជាតារាសម្ដែង កញ្ញា ក៏ជាអ្នកលក់ឡេរផងដែរ ហើយការដែលនាងខំប្រឹងប្រែងនេះ ព្រោះតែជួយសម្រាលដល់ការលំបាករបស់ឪពុកម្ដាយ ព្រមទាំងជួយផ្គត់ផ្គង់ការសិក្សារបស់ប្អូន ដែលនឹងរៀនចប់នៅឆ្នាំក្រោយនេះ ។

កញ្ញា ហេង ស្រីពេជ្រ បានបញ្ជាក់ថា កញ្ញាបានចូលប្រឡូកក្នុងសិល្បៈសម្ដែងភាពយន្តតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ប៉ុន្តែទោះជាកញ្ញាបានថតជិត ១០០រឿងហើយយ៉ាងណាក្ដីក៏ពុំដែលបានសម្ដែងជាតួឯកទេ បានត្រឹមតែជាតួរងប៉ុណ្ណោះ ។

ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន កញ្ញា ហេង ស្រីពេជ្រ បានឱ្យដឹងថា បច្ចុប្បន្នបេះដូងរបស់នៅទំនេរ ប៉ុន្តែឆ្នាំក្រោយប្រហែលអាចនឹងសំឡឹងរកមើលបុរសល្អ ចេះយល់ចិត្តអ្នកសិល្បៈដូចជារូបនាង ព្រមទាំងចេះស្រឡាញ់បងប្អូនរបស់នាង ដើម្បីជាគូអនាគត ។ ជាមួយគ្នានេះតារាស្រីសាច់ម៉ាប់រូបនេះ បានបង្ហើបថា បច្ចុប្បន្នក៏មានមនុស្សប្រុសជាច្រើនតាមស្រឡាញ់នាង ប៉ុន្តែនាងពុំទាន់យល់ព្រមប្រគល់បេះដូងឱ្យឡើយ ។

ជាចុងក្រោយកញ្ញា ហេង ស្រីពេជ្រ បានឱ្យដឹងថា នៅចុងឆ្នាំនេះ កញ្ញា បានចុះកុងត្រាជាមួយស្ថាននីយទូរទ្សន៍មួយចំនួន នឹងត្រៀមថត ២រឿងទៀត ជារឿងភាគថ្មី ប៉ុន្តែខណៈពេលនេះ កញ្ញាពុំទាន់ប្រាប់ឈ្មោះ ស្ថាននីយទូរទស្សន៍ និងចំណងជើងរឿងឡើយ ដោយគ្រាន់តែប្រាប់ថា ប្រហែលនៅខែកញ្ញា ខាងមុខនេះ នឹងចេញថតហើយ ៕
វណ្ណ ចាន់រស្មី