សិល្បៈ៖ កាលពីថ្ងៃអាទិត្រកន្លងទៅថ្មីៗនេះលោក សុខ ដែន តារាសម្ដែងដែលវិវឌ្ឍនខ្លួនក្លាយជាតារាចម្រៀង ព្រមទាំងជាអ្នកដឹកនាំសម្ដែង MV ផងនោះ បានឡើងអង្រួនឆាកតន្ត្រីខារ៉ាបាវ បង្កឱ្យមានសំឡេងហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង ។

ក្នុងឱកាសនោះផងដែរ លោក សុខ ដែន បានចាប់ដៃគូជាមួយតារាសម្ដែងស្រីស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក រៀម ច័ន្ទបរមី សម្ដែងរួមគ្នាក្នុងបទចម្រៀងចំនួន ២បទ ដែលមានចំណងជើងថា «ជួបស្នេហ៍ក្នុងក្លឹប» និង «ចូលមករាំនឹងបង» ដែលជាបទទទួលបានគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ។

សម្រាប់វត្តមានរបស់តារាទាំង ២ដួងខាងលើនេះដែរ បានធ្វើឱ្យអ្នកទស្សនាមួយចំនួនធំងឿងឆ្ងល់យ៉ាងខ្លាំងអំពីទំនាក់ទំនងរបស់ពួកគាត់ ខណៈដែលកន្លងមកគេសង្កេតឃើញថា លោក សុខ ដែន និង កញ្ញា រៀម ច័ន្ទបរមី តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទាំងលើឆាក និងក្រៅឆាក ហើយចម្ងល់នេះ មិនត្រឹមតែទស្សនិកជនទេដែលឆ្ងល់ សូម្បីតែមិត្តរួមអាជីពជាច្រើន ក៏ឆ្ងល់ដូចនេះដែរ ។

ទាក់ទងជាមួយគ្នានេះលោក សុខ ដែន ផ្ទាល់បានប្រាប់មកកាន់ក្រុមការងារ KBN ថា លោកសូមលាក់អំពីទំនាក់ទំនងរបស់លោក និង កញ្ញា រៀម ច័ន្ទបរមី មួយរយៈសិន ហើយលោកនឹងប្រាប់គ្រប់យ៉ាងបន្ទាប់ពីរួចរាល់ជាមួយការងារដ៏មរមាញឹករបស់លោក ប៉ុន្តែពេលនេះ លោកគ្រាន់តែប្រាប់ថា នឹងមានគម្រោងធ្វើការជាមួយតារាស្រីរូបនេះ ជាច្រើនទៀត ៕
សហការី KBN