ខេត្តកំពត៖ បុរសម្នាក់ បានឃើញប្រពន្ធរបស់ខ្លួន កំពុងលេងល្បែងលើគ្រែ ជាមួយនឹងសហាយ ក៏ហៅឪពុកក្មេកមកមើល ហើយបើកទ្វារចូល ក៏ត្រូវសហារបស់ប្រពន្ធចាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​ នៅក្នុងភូមិឈ្លីតលេី ឃុំឃ្ជាយខាងត្បូង ស្រុកដងទង់។

មន្រ្ដីនគរបាលស្រុកដងទង់ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធ នឹងករណីលួចប្រពន្ធរបស់គេនោះ ឈ្មោះ ហាស់ រទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅនៅ​ភូមិ​ឃុំ​ជាមួយគ្នា។ រីឯស្ដ្រីដែលមានតម្រេកតណ្ហា មិនចេះស្កប់ស្កល់ ហើយនាំសហាយមកដេក ដល់ផ្ទះនោះ ឈ្មោះ សួន ឌីណា អាយុ២១ឆ្នាំ មានប្ដីឈ្មោះ ហេង គឹមសេង អាយុ៣១ឆ្នាំ រស់នៅភូមិឈ្លីតលេី ឃុំ ឃ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ បានលួចទាក់ទងស្នេហា ផិតក្បត់ប្ដី ទើបបង្កឲ្យប្តីប្រពន្ធទាំង២ខាងលើ បានឈ្លោះគ្នា​បែកផ្សែង រហូតឈានដល់ការ បែក​ផ្ទះគ្នានៅមួយរយៈសិន។ លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្តីបានត្រឡប់មកផ្ទះវិញ ក៏តាមដានដឹង​ឃេីញប្រពន្ធរបស់ខ្លួន កំពុងតែដេកជាមួយសហាយ ទើបរត់ទៅប្រាប់ឪពុកក្មេក។ ឃើញបែបនេះ ​ឪពុក​ក្មេក និងកូនប្រសា បានចូលទៅ​មើល តែត្រូវ​សហាយរបស់ប្រពន្ធចាក់ បណ្តាល​ឲ្យ​របួស​ទាំង២នាក់ឪពុកក្មេក និងកូនប្រសាប្រុស ដោយ​កូនប្រសារបួសធ្ងន់ ត្រង់​ដោះ​ខាងស្តាំ ដៃស្តាំ និង​ភ្លៅ និង​ឪពុកក្មេករង​របួសស្រាល​ត្រូវ​ថ្ងាស និង​ដៃស្តាំ​បន្តិច។ ភ្លាមៗនោះ សហាយរបស់ប្រពន្ធជនរងគ្រោះ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូន ជនរងគ្រោះជាប្ដី ទៅសម្រាក​ព្យាបាល​ នៅ​ក្នុងមន្ទីរពេទ្យ​ស្រុក​កំពង់ត្រាច។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនបុរសលួចប្រពន្ធគេ ហើយបង្កហិង្សាទៅលើប្ដី នាំមកផ្ដន្ទាទោសតាមច្បាប់៕