ភ្នំពេញ៖ ស្ត្រីវ័យក្មេងស្រស់ស្អាតម្នាក់ ចូលច្រៀងខារ៉ាអូខេជាមួយប្តី ឈ្លោះប្រកែកជាមួយប្តី​ចេញមក​និយាយទូរស័ព្ទរួច ​មេការសន្តិសុខប្រចាំខារ៉ា​អូខេ​ឃាត់​រារាំងមិនឱ្យ ​ចូលទៅខាងក្នុងវិញ បានរត់ទៅប្តឹងសមត្ថកិច្ចថា មេការទះកំផ្លៀងរូបគាត់បង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខ​ខារ៉ាអូខេ​ យីហោ​ AMANI KTV (អាម៉ានី)​ ផ្លូវ១១៣​ កែងនិង​ផ្លូវ​៣០០​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន ​កាលពីវេលាម៉ោង​២​ រំលង​អាធ្រាត្រ​ឈានចូលថ្ងៃ​ ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​​ ។

​​​ស្ត្រីដែលចូលច្រៀងខារ៉ាអូខេជាមួយ​ប្តីមាន​ឈ្មោះ​ថា​ ស្រី​ ណុច​ អាយុ​២២ឆ្នាំ​ មុខរបរលក់​ខោអាវ​ ស្នាក់នៅ​សង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។ ចំនែក​បុរស​ដែល​ត្រូវ​ជាមេការ​សន្តិសុខ​ ប្រចាំការ​នៅ​ ខារ៉ាអូខេ​ យីហោ​ AMANI​ KTV​ មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះទេ​ ។

​​តាមសម្តី​ស្ត្រីដែលចូលច្រៀងខារ៉ាអូខេជាមួយប្តី​ ​បាន​ឱ្យដឹងថា​ មុន​ពេលកើត​ហេតុ​ រូប​គាត់មា​ន​គ្នា​បីនាក់​ ប្រុស ​២នាក់​ និង​ស្រីម្នាក់ ក្នុងចំណោមប្រុស ២នាក់នោះ មានម្នាក់ត្រូវជាប្តីរបស់គាត់​ ​​ ​ បាន​ចូល​ទៅ​ច្រៀងលេងនៅ​ក្នុង​បន្ទប់ខារ៉ាអូខេ​ខាងលើ​ តែ​ច្រៀង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ រូបនាង​ក៏មាន​ទំ​នាស់​ជាមួយនិង​ប្តី​របស់​នាង​ នៅក្នុង​បន្ទប់​ខារ៉ាអូខេ​បន្តិច​បន្តួច​ ហើយ​រូប​នាង​បាន​យក​ទូរសព័្ទ​គប់​ប្តី​របស់​គាត់​ ​បន្ទាប់មករូប​នាង​បាន​ចេញ​មកក្រៅ​ ដើម្បី​និយាយ​ទូរសព័្ទ​ តែពេល​និយាយ​រួច​ហើយ ​ចង់​ចូល​ទៅ​ក្នុង​បន្ទប់​វិញ​ ត្រូវបុរស​ដែល​ជា​មេ​ការសន្តិសុខ​បាន​រារាំង​ មិន​បានឱ្យ​ចូល​ ព្រមទាំង​បាន​ទះកំផ្លៀងមួយ​ដៃ​ បណ្តាលឱ្យធ្លាក់​ទូរសព័្ទ​ ហើយ​អូស​នាង​ចេញ​មកក្រៅធ្វើឱ្យ ងរបួស​មេជើង​បន្តិច​ផង​ដែរ​ ។ ​ ​

​ភ្លាមៗនោះដែរ​ រូប​គាត់​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ ​ណាមួយ​ប្តី​របស់​នាង​នៅបន្ទប់​ខារ៉ាអូខេ​ខាងលើ​មិន​ទាន់​ចុះ​មក​ ហើយទូរស័ព្ទដាក់ក្នុងកាបូបខលអត់ឮ ​រូបគាត់​ក៏ត្រូវ​សន្តិសុខ​វាយ​ធ្វើ​បាប​ ផងនោះ​ រូបនាង​ក៏បាន​ទៅដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងកេងកង​២ ​​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​ ។

​ខណៈ​ពេល​ទៅដល់​ប៉ុស្តិ៍នគរបាលបឹងកេងកង​២​ សមត្ថកិច្ច​ក៏បាន​ទទួល​ដំណឹង​នេះ ​​ហើយ​បាន​ឌុប​ស្ត្រីរូប​នោះទៅ​កន្លែង​កើតហេតុ​ និង​បាន​ឱ្យ​ភាគី​ខាង​មេការ​សន្តិសុខ​ មក​​ជជែក​តតាំងដាក់​គ្នា​ ដោយ​នារី​រូប​នោះ​នៅតែ​និយាយទាំង​ហូរ​ទឹក​ភ្នែក​ថា បុរស​ដែល​ ជា​មេ​សន្តិសុខ​ បាន​ទះកំផ្លៀងទៅលើ​រូបគាត់​ ។

ចំណែក​ខាង​មេការ​សន្តិសុខ​វិញ​ បាន​ប្រកែក​ និង​លើ​កហេតុ​ផល​ថា​ រូប​គាត់​មិន​បាន​ វាយទៅ​លើស្ត្រីរូប​នោះ​ទេ​ ហើយ​គាត់​មាន​ សាក្សី​ ដែល​ជា​បុគ្គលិក​នៅទីនោះ​ផង​ដែរ​ ។ មេការ​សន្តិសុខ​ បាន​បន្ថែម​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ​ បុរស​ដែល​នាង​អះអាង​ថា​ជាប្តី​និង​មិត្ត​ភក្ដិ​ប្រុសម្នាក់​ទៀត​បាន​មកចូល​ច្រៀង​មុន​ ។

លុះ​បន្តិច​ក្រោយ​មក​ទើប​ឃើញស្ត្រីម្នាក់​នោះ​ចូល​តាម​ក្រោយ​ តែ​មិន​ដឹង​ជាយ៉ាង​ម៉េច​នោះទេ​ ក៏ស្រាប់តែស្ត្រីម្នាក់​នោះ​ បានរក​រឿង​អុក​ឡុក​ កូរ​នៅក្នុង​ខារ៉ាអូខេ​​ ហើយ​មិន​តែ​ប៉ុណ្ណោះ​បានយក​ទូរសព័្ទ​គប់​បណ្តាលឱ្យ​ត្រូវ​នារី​បំរើការ​ម្នាក់​នៅក្នុង​បន្ទប់​ ទើប​ពេលនោះ​ដែរ​ បុរស​ដែល​នាង​អះអាង​ថា​ជាប្តី​បាន​ ឱ្យ​សន្តិសុខ​ដេញ​ចេញ​មកក្រៅ​ កុំឱ្យអុកឡុក​គេទៀត​ តែគាត់មិនបាន​វាយ​ទៅលើស្ត្រី ​រូបនោះ​​ទេ​ ។

​​បន្ទាប់​ពី​ស្រែក​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ ស្រាប់តែ​បុរស​ដែល​នាង​អះអាង​ថា​ជាប្តី​ ត្រូវ​បុគ្គលិក​គ្រាចុះ​ពី​ខារ៉ាអូខេ​ចេញ​មកក្រៅ​ ដើម្បី​ឱ្យ​ជួយ​និយាយ​លួងលោម​ ជាមួយ​ស្ត្រីជាប្រពន្ធ​ តែ​បុរស​ដែល​នាង​អះអាង​ថា ​រូប​នាង​មិន​មែន​ជា​ប្រពន្ធ​របស់​គាត់​ទេ​ ទើប​ធ្វើ​ឱ្យ​ស្ត្រីរូប​នោះ​កាន់តែ​ស្រែក​យំ​ ដេញ​ឱបថើប​បុរស​ដែល​នាង​អះអាង​ថា​ជាប្តី​ពេញផ្លូវ​ ។ បន្តិច​ក្រោយ​មក ​ទើបស្ត្រី​រូប​នោះ​ ហាក់​បីដូច​ជា​ស្ងប់​អារម្មណ៍​ទាំង​ពីរ​នាក់​ ក៏​ហៅម៉ូតូ​កង់​បី​ជិះ​ឱប​គ្នា​ចេញ​ទៅ​បាត់​ ដោយ​លែង​ខ្វល់​​ពី​រឿង​ ​ប្តឹងមេការ​សន្តិសុខ​ ទះកំភ្លៀងទៅលើ​រូបនាង​​ទៀត​ទេ​ ៕