ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គេហទំព័ររបស់សិង្ហបុរីឈ្មោះ The Straits Times បានរាយការណ៍ពីការដំណើរការគម្រោង «Climate Friendly Households Programme» ដែលផ្តល់សិទ្ធិដល់ពលរដ្ឋរស់នៅក្នុងលំនៅឋានរបស់គណៈកម្មការលំនៅឋាន និងការអភិវឌ្ឍសិង្ហបុរី អាចទិញសម្ភារៈអគ្គិសនី និងទឹកសន្សំសំចៃថាមពល និងមិនប៉ះពាល់បរិស្ថាន ។

គម្រោង «Climate Friendly Households Programme» បានដំណើរការនៅដំណាក់កាលទី១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែតម្លៃហ្គាស និងអគ្គិសនីកើនឡើងខ្ពស់នាពេលនោះ ហើយរដ្ឋាភិបាលសិង្ហបុរីមានគោលបំណងជំរុញការសន្សំសំចៃថាមពល និងថែរក្សាបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumyzMUy8x7gg1C_5Bx116bP7vbqikG78P2d9U9s3JdHKVO8ni6X78unNAnN-hnN8InPvtYCpsg_PP6j72fgPTJONL57SyEJ6uP-d61qvnQFTa9Vg0NFJhBhe3WeBuopTv6l0J6ex4hU1d_xOK9IDo0k4ueTcsnp3xhF_cd5xHvEwQCUkpNOiD9ieuBdo/s848/sgpopulation_bt.jpg

ការដំណើរការគម្រោងនេះក្នុងដំណាក់កាលទី១ បានកំណត់លក្ខខណ្ឌថា នឹងចែកគូប៉ុងមានទឹកប្រាក់ចំនួន២២៥ដុល្លារសិង្ហបុរី ដល់អ្នករស់នៅក្នុងផ្ទះល្វែងរបស់គណៈកម្មការលំនៅឋាន និងការអភិវឌ្ឍសិង្ហបុរី ។ ប៉ុន្តែអ្នកមានសិទ្ធិទទួលបានគូប៉ូងនេះ អាចទិញបានតែទូរទឹកកក, អំពូលភ្លើង LED និងក្បាលរ៉ូប៊ីណេផ្កាឈូកប៉ុណ្ណោះ ។

ការកំណត់លក្ខខណ្ឌទិញសម្ភារៈបែបនេះ ទើបធ្វើឱ្យគម្រោង «Climate Friendly Households Programme» នៅដំណាក់កាលទី១ មានពលរដ្ឋចុះឈ្មោះត្រឹមតែ១៤៥.៨០០គ្រួសារប៉ុណ្ណោះ (ជាង១សែន) ក្នុងចំណោមពលរដ្ឋមានសិទ្ធិសរុបចំនួន៣សែនគ្រួសារ ។ រីឯអ្នកប្រើប្រាស់គូប៉ុងទិញសម្ភារៈជាក់ស្តែងមានត្រឹមតែ៦២.៨០០គ្រួសារប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCx_tzlMy7KxLB6FJTO1dr5Ux91MjACwUdxGl5XgCpWONx-ThqZe7csO8_haOjaX1LPKfkC2juyIlNYkTTRzcxmsWlxyUmySMjopTbQAiwdY6ito4py_Ihhgb1XmTOiIngE82sC7ZcsF3uxUx1QnpIPNV3U0c94OTzaU4hK-tmJj7GcDCTaOYHpHztxWg/s1280/photo_2024-04-26_11-20-04.jpg

ហេតុនេះ ការអនុវត្តគម្រោងនៅដំណាក់កាលទី២ ឆ្នាំ២០២៤ រដ្ឋាភិបាលសិង្ហបុរីបានអនុញ្ញាតឱ្យអ្នកមានសិទ្ធិអាចទិញសម្ភារៈអគ្គិសនី និងទឹក បានច្រើនប្រភេទជាងមុន ។ លើសពីនេះ រដ្ឋាភិបាលបានបង្កើនចំនួនគ្រួសារដែលទទួលសិទ្ធិ ស្មើរហូតដល់១លាន១សែនគ្រួសារ ព្រមទាំងបង្កើនចំនួនប្រាក់រហូតដល់៣០០ដុល្លារសិង្ហបុរី ផងដែរ ។

ចំណែកសម្ភារៈអគ្គិសនី និងទឹក ដែលអ្នកទទួលបានសិទ្ធិក្នុងគម្រោងដំណាក់កាលទី២ អាចទិញបានរួមមាន ៖ ទូរទឹកកក, ម៉ាស៊ីនត្រជាក់, អំពូលភ្លើង LED, កង្ហារ, ម៉ាស៊ីនបោកគក់, ក្បាលរ៉ូប៊ីណេផ្កាឈូក, ចានបង្គន់ និងសម្ភារៈមួយចំនួនទៀត ។ ប៉ុន្តែសម្ភារៈទាំងនេះត្រូវតែមានស្លាកសញ្ញាសម្គាល់ច្បាស់លាស់ ឬទទួលបានការធានាគុណភាព និងប្រសិទ្ធភាពជាផលិតផលសន្សំសំចៃថាមពល ។https://res.cloudinary.com/dtljonz0f/image/upload/f_auto/q_auto/v1/gc-v1/singapore/julien-de-salaberry-viwdmfrbXfI-unsplash-2.jpg

ពលរដ្ឋដែលបានចុះឈ្មោះដើម្បីទទួលបានសិទ្ធិទិញសម្ភារៈសន្សំសំចៃថាមពលទាំងនេះ នឹងអាចប្រើប្រាស់គូប៉ុងទិញសម្ភារៈអគ្គិសនីនៅតាមហាងលក់ទំនិញចំនួន១៤កន្លែង រហូតដល់ចុងឆ្នាំ២០២៧ ហើយរដ្ឋាភិបាលសង្ឃឹមថា នឹងមានហាងលក់ទំនិញផ្សេងទៀតចូលរួមក្នុងគម្រោងនេះនាថ្ងៃអនាគត ៕