ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែឧសភា ២០១៨ កម្លាំងនគរបាលខេត្តសៀមរាប បានចុះឃាត់ខ្លួនបុរសម្នាក់ទៀតហើយ ក្រោយពីបានចែកចាយបន្ត នូវសារប្រមាថព្រះមហាក្សត្រខ្មែរ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ូក ហើយត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីការបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្តោះអាសន្នផងដែរ ។

បើតាមរឿងរ៉ាវដំបូង គឺដោយសារតែកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មការឯកភាពខេត្តសៀមរាប បានឃើញការបង្ហោះតាមហ្វេសប៊ូក ដែលមានគណនីឈ្មោះ Ban Samphhy ធ្វើការចែកចាយបន្តនូវរូបភាព របស់អង្គព្រះមហាក្សត្រខ្មែរ ក្នុងន័យជេរប្រមាថព្រះចេស្តារបស់ព្រះអង្គ ហើយក្រោយពីបានឃើញការបង្ហោះនោះភ្លាម ខាងគណៈកម្មការឯកភាពខេត្ត ក៏បានចាត់កម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ផងដែរ ។

លុះមកដល់ព្រឹកថ្ងៃទី ១៩ ឧសភា ២០១៨ម្សិលមិញនេះ ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកជីក្រែង បានរកឃើញម្ចាស់គណនីហ្វេសប៊ូកខាងលើ ដែលមានឈ្មោះ បាន សម្ភី ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរជាងកាត់សក់ បច្ចុប្បន្នរស់នៅក្នុងភូមិពន្លឺព្រះផុស ស្រុកជីក្រែង ខេត្តសៀមរាប។

បន្ទាប់ពីបានឃាត់ខ្លួន និងធ្វើការសាកសួររួចមក សាមីខ្លួនឈ្មោះ បាន សម្ភីរ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ឧសភា ២០១៨ ខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ូក ឈ្មោះ Ban Samphy ពិតជាបានចែកចាយបន្តរូបភាព និងខ្លឹមសារដែលមានន័យប្រមាថ ព្រះមហាក្សត្រ នៅវេលាម៉ោង៦និង៤០នាទី ពីហ្វេសប៊ូកឈ្មោះ Khmer Thatcher ពិតប្រាកដមែន ហើយគាត់បានបញ្ជាក់ផងដែរថា ការចែកចាយនេះ មកពីមូលហេតុខ្លួនមិនពេញចិត្ត អង្គព្រះមហាក្សត្រ ដូច្នេះនៅពេលដែលខ្លួនបានឃើញការបង្ហោះ របស់គណនី Khmer Thatcher គាត់ក៏បានស៊ែរបន្តនូវរូបភាព និងខ្លឹមសារ ដែលមានន័យប្រមាថដល់ព្រះមហាក្សត្រតែម្តងទៅ ។

បើយោងតាម​ក្រមព្រហ្មទណ្ឌ នៃ​កម្ពុជា ដែលទើប​ត្រូវបានវិសោធនកម្មថ្មីនេះ បានបន្ថែមមាត្រាកំណត់ទោសប្រមាថ អង្គព្រះមហាក្សត្រ ត្រង់ជំពូកទី១ មាតិកាទី១ នៃគន្ថីទី៤ មាត្រាស្ទួន ៤៣៧ថ្មី ដោយបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​០១ឆ្នាំ ទៅ​០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី​២លានរៀល ទៅ​១០លានរៀល»​៕