ថៃ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ «บังฮาด แฝดนรก» បានបង្ហោះវីដេអូឃ្លីបបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តមួយគ្រឿង ហើយក្រោយកើតហេតុ ម្ចាស់រថយន្តបានព្យាយាមរត់គេចរហូតដល់ប៉ូលិសបាញ់បំបាក់ជើងតែម្ដង ដែលករណីនេះបានកើតឡើងនៅលើផ្លូវបាងណាត្រាត ភាគខាងកើតទីក្រុងបាងកក ត្រង់ចំនុចគូឡូម៉ែត្រលេខ ១៤ ។

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីមានករណីនេះ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ព្រមទាំងព្យាយាមឃាត់រថយន្តបង្កឱ្យឈប់ដើម្បីដោះស្រាយគា្នប៉ុន្តែរថយន្តនោះមិនព្រមឈប់ឡើយ ទើបសមត្ថកិច្ចបានបាញ់សំដៅទៅកង់រថយន្តមួយគ្រាប់ ហើយទោះជាកង់រថយន្តបែកហើយយ៉ាងណាក្ដី ក៏ជនបង្ករូបនោះមិនព្រមឈប់ដែរ ពោលគឺនៅតែព្យាយាមបើករត់គេចខ្លួនក្នុងល្បឿនយ៉ាងលឿន ។

ប្រភពបានបន្តទៀតថា ជនបង្កបើកមិនបានប៉ុន្មានគីឡូម៉ែត្រផង ស្រាប់តែឈប់រថយន្តចុះរត់តែម្ដង តែត្រូវសមត្ថកិច្ចតាមទាន់ ព្រមទាំងបាញ់ជើងមួយគ្រាប់កុំឱ្យជននោះរត់ទៀត ។
ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួន យកទៅប៉ុស្ដិ៍ប៉ូលិសដើម្បីសួរនាំ ព្រមទាំងព្យាបាលរបួស រង់ចាំធ្វើការតាមច្បាប់ ៕
សហការី KBN
ប្រភព៖ khaosod