ខេត្តពោធិ៍សាត់៖ ឆាយព្រុយ ស្ថិតនៅតំបន់ជ្រោះជ្រងជ្រលងដងអូរ ដែលកើតឡើងពីធម្មជាតិដ៏ល្អប្រណិត ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលលែង ខេត្តពោធិ៍សាត់ ។ ឆាយព្រុយសព្វថ្ងៃកំពុងតែទទួលភ្ញៀវជាតិ និងអន្តរជាតិ រាល់ថ្ងៃដោយមិនជិនណាយនោះទេ ។ ឆាយព្រុយជាតំបន់ទេសចរណ៍ធម្មជាតិមួយ ផុសឡើងនៅកណ្តាលព្រៃប្រឹក្សា មានទឹកជ្រោះហូរធ្លាក់ពីកំពូលភ្នំ ជាច្រើនជាន់ហើយហុំព័ទ្ធទៅដោយព្រៃភ្នំ មានធម្មជាតិខៀវស្រងាត់ និងមានជ្រលងដងអូរខ្វាត់ខ្វែង ទាក់ទាញដូងចិត្តភ្ញៀវ បើបានចូលទស្សនាហើយ មិនចង់ចាកចេញឃ្លាតឆ្ងាយឡើយ ។

ជាកាពិតណាស់ ក្រៅពីធម្មជាតិដ៏ស្រស់បំព្រង មានទឹកធ្លាក់ពីលើភ្នំជាច្រើនដំណាក់ច្រើនជាន់ហើយនោះ ឆាយព្រុយ ក៏មានអច្ឆរិយៈកើតពីធម្មជាតិ គឺពេលថ្ងៃរះបញ្ចាំងពន្លឺប៉ះចូលចំដំណក់ទឹកជ្រោះ ដែលកំពុងហូរធ្លាក់ពីលើភ្នំចុះមកក្រោម ក្រៅពីឭសម្លេងដូចដូតន្ត្រីរដែលមានសត្វរៃច្រៀងបំពេផងនោះ ក៏មានពន្លឺផ្លេកៗដូចពន្លឺគ្រាប់ពេជ្រចាំងឆ្លុះ ជាពិសេសនោះគឺមានពន្លឺ ៧ពណ៌ដូចមានឥន្ធធនូចុះបង្ហាញខ្លូនដ៏ស្រស់ស្អាតផងដែរ។

ដូច្នេះហើយ ក្រៅពីទស្សនាព្រៃប្រឹក្សាលតាវរ៍ល្លិជ្រោះជ្រងជ្រលងដងអូរ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធគ្របដណ្តប់ទៅដោយបរិស្ថានល្អប្រណិតហើយ ក៏ផ្តល់ផាសុខភាពជូនដល់ភ្ញៀវគ្រប់រូបដែលចូលទៅទស្សនានៅទីនោះផងដែរ។ ក្រៅពីទស្សនាធម្មជាតិទឹកជ្រោះហើយបានស្តាប់តន្ត្រីធម្មជាតិភ្ញៀវជាតិ បឹងអន្តរជាតិតែងតែចុះងូតទឹកលេងកំសាន្តផងដែរ ។

ជាមួយគ្នានេះ លោក លីមម្ចាស់ទៀមកាហ្វេភ្នំសំកុសបានអោយដឹងថាជា ជារៀងរាល់ថ្ងៃ លោកតែងតែនាំភ្ញៀវអន្តរជាតិ ទៅទស្សនាទឹកជ្រោះ ឆាយព្រុយ ពុំសូវលស់ឡើយ ។
សូមបញ្ជាក់ថា ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះ ឆាយព្រុយ ពុំទាន់មានការអភិវឌ្ឍន៍នៅឡើយ ខណៈដែលវាក្លាយជាតំបន់ទេសចរណ៍អច្ឆរិយៈ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ ៕
វណ្ណ ចាន់រស្មី