ខេត្តបាត់ដំបង៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធរត់ចោល ក៏ចងកសម្លាប់ខ្លួន ហើយសាកសពត្រូវបងប្អូនប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃអង្គារ ១កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា នៅលើផ្ទះរបស់បងប្អូន ស្ថិតក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី។

មន្ត្រីនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភាច កក្កដា អាយុ២៥ឆ្នាំ រស់នៅក្រុមទី២៤ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ រីឯផ្ទះដែលជនរងគ្រោះឡើងចងកសម្លាប់ខ្លួននោះ មានម្ចាស់ឈ្មោះ សុន ឡេវ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។

មន្រ្ដីនគរបាលស្រុកមោងឫស្សី បានបន្តថា មុនពេលកើតមាននូវរឿងអកុសលនោះ ជនរងគ្រោះបានកើតមានទំនាស់គ្នាជាមួយនឹងប្រពន្ធរបស់គេ ហើយស្រ្ដីជាប្រពន្ធក៏បានរត់ចោលទៅ។ ចាប់តាំងពីពេលនោះមក ជនរងគ្រោះបានកើតមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ហើយ​ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែយកស្រាមកផឹក បន្លាប់ទុក្ខព្រួយ នៅក្នុងចិត្តរបស់គេ។ លុះមកដល់ថ្ងៃកើតហេតុ ជនសងរងគ្រោះក៏បានទៅលេងផ្ទះបងប្អូន នៅក្នុងស្រុកមោងប្ញស្សី ហើយគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត​ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យឪពុកម្តាយ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋានវិញ៕