ខេត្តកំពង់ចាម៖ យ៉ាងហោចណាស់ មានមនុស្សជាច្រើននាក់ បានរងរបួសក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយ រថយន្តដឹកដំឡូងមីមួយគ្រឿង បានរេចង្កូតបុករះលើរថយន្ត និងម៉ូតូរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ កាលពីវេលាម៉ោង៦និង១៤នាទី នៅចំណុចរង្វង់មូល គល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កខាងលើ ខណៈបើកចុះពីលើស្ពាន ក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតទាំងបញ្ច្រាសទិស មកបុករះរថយន្តម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខ ភ្នំពេញ 2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នកអង្គុយពីក្រោយឈ្មោះ ហ៊ន់ គា ភេទស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស ស្រាល) ព្រមទាំងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ២៤ឆ្នាំ រស់ នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្តបង្ក ព្រមទាំងដឹងមូលហេតុថា ដោយសាររថយន្តដាច់ហ្វ្រាំង ។ បន្ទាប់ពីឃាត់បានទាំងតៃកុង ព្រមទាំងរថយន្តបង្កហើយ សមត្ថកិច្ចថែមទាំងរកឃើញម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន៣កញ្ចប់តូច ក្នុងរថយន្តទៀតផង ដោយបច្ចុប្បន្ន ត្រូវបានកម្លាំងបាននាំខ្លួនមកកាន់ អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការតាមនីតីវិធី ៕