ម៉ូស្គូ ៖ យោងតាមសារព័ត៌មាន របស់អង់គ្លេស Telegraph, Independent និងសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍របស់សហរដ្ឋអាមេរិក បានផ្សាយកាលពីពេលថ្មីៗនេះថា ការបាត់ខ្លួន​ដ៏អាថ៌​កំបាំង នៃជើង​ហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ ម៉ាឡេស៊ីអ៊ែរឡាញ ជាមួយមនុស្ស២៣៩នាក់ គឺបង្កឡើង​ដោយចេតនា​ ចង់ឱ្យយន្ដហោះនេះ​​ធ្លាក់ របស់​មេបញ្ជាការ​ក្រុម​អាកាសយានិក​ម្នាក់។ នេះបើតាមការ​ដកស្រង់ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃនេះ។

ចំណែកសារព័ត៌មាន Tetephgraph របស់អង់គ្លេស បានផ្សាយពីហេតុផលខាងលើ ដោយសារតែសំអាង ​លើកម្មវិធីផ្សាយ​មួយ មានរយៈពេល៦០នាទី នៅលើ​ទូរទស្សន៍​អូស្រ្ដាលី ដោយនៅក្នុងកម្មវិធីនេះ​ អ្នកជំនាញ​ម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធាន​ទីភ្នាក់ងារសន្តិសុខ​ ដឹកជញ្ជូន​អូស្រ្ដាលី​បានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) ដែលជា​មេបញ្ជា​ក្រុម អាកាសយាននិក​ មានចេតនាធ្វើ​ឱ្យ​យន្ដហោះ MH370 តាមរយៈការ​ធ្វើឱ្យវា​បាត់ ចេញពី​ប្រព័ន្ធ​រ៉ាដា និងបញ្ជាយន្ដ​ហោះនេះ ឆ្ពោះ​ទៅមហាសមុទ្រ​ឥណ្ឌា​ តែមួយម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីហោះ​ចេញពី​ទីក្រុង​គូឡាឡាំពួ។ «វាគឺជាទង្វើ​មានគំរោងទុក​ជាមុន ហើយវាត្រូវ​បានគេរៀបចំ​ អស់រយៈពេល​ ជាយូរណាស់​មកហើយ»។ នេះគឺជាការគូស​បញ្ជាក់​របស់​លោក ម៉ាទីន ដូឡាន (Martin Dolan)។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជំនាញរូបនេះ ក៏បានធ្វើការដឹកនាំ កិច្ចសហប្រតិបត្តិការ ស្វែងរកយន្តហោះ MH370 ដោយចំណាយពេលអស់ជាង២ឆ្នាំមកហើយ ហើយលោកបានអះអាងថា វាមិន​មែនជាសកម្មភាព​ ភេរវកម្ម​នោះទេ ពីព្រោះបើវា​ជាសកម្មភាព​ភេរវកម្មនោះ ពួកភេរវករ​នឹងចេញមុខ ទទួល​ស្គាល់បាត់​ទៅហើយ។ ដោយឡែក អតីតអ្នកស៊ើប​អង្កេតម្នាក់ទៀត​ មកពីការិយាល័យ​សន្តិសុខ ដឹកជញ្ជូន​កាណាដា លោក ឡារី វែនស៍ (Larry Vance) ក៏បានអះអាងនៅ​ក្នុងកម្មវិធីនោះដែរថា លោក Zaharie មានអាយុ ៥៣ឆ្នាំ ទំនងជាបាន​ពាក់ម៉ាស់​អុកស៊ីសែន មុននឹងរូបលោក ទម្លាក់កម្រិត​អុកស៊ីសែន​នៅលើយន្ដហោះ ដើម្បីឱ្យ​មនុស្ស២៣៨នាក់ទៀត បាត់បង់ស្មារតី៕