ភ្នំពេញ៖ នៅរយៈពេល៤ខែដើមឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករទៅបរទេស មានប្រមាណ១៩,៧ម៉ឺនតោន ធ្លាក់ចុះ៧,៦% បើប្រៀបធៀប គ្រានិង ឆ្នំា ២០១៦មានប្រមាណ២១,២ ម៉ឺនតោន ។ នេះបើយោងតាម របាយាការណ៍លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់ បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍គូសបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅបរទេស កើនឡើងឡើង២៨% តែមកដល់ខែកុម្ភៈធ្លាក់ចុះ២៧%, មីនា ធ្លាក់ចុះ១២,៧០%, មេសាធ្លាក់ចុះ២៦,១០% ។ លើសពីនេះក្នុងរយៈពេល៤ខែ កន្លងមកនេះ កម្ពុជានាំចេញអង្ករ ធ្លាក់ចុះ៧,៦០% បើប្រៀប ធៀបនឹង ឆ្នំា២០១៧។

នាយកក្រុមហ៊ុន អេមរុ រាយស៍ លោក ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា៖ «កម្ពុជាននាំចេញអង្ករបន្តធ្លាក់ចុះ ដោយសារកាលដើមឆ្នាំកម្ពុជា សម្រុក នាំចេញច្រើនពេកជាហេតុ ធ្វើឱ្យអស់ស្រូវក្នុងស្តុក។ លើសពីនេះ កាលរដូវប្រមូលទិញ ស្រូវពីកសិករ វៀតណាមចូលមកទិញស្រូវធម្មតា មានភាពខ្លាំងក្លា។ ដូចនេះម្ចាស់រោងម៉ាស៊ីនក្នុងស្រុក អត់អាចមានស្រូវគ្រប់គ្រាន់សម្រាប់កិនស្រូវ កែច្នៃនាំចេញ»។

លោកឧកញ៉ា លើកឡើងថា កម្ពុជានាំចេញអង្ករទៅបរទេស មិនមានអ្វីផ្លាស់ប្តូរទេ ការនាំចេញអង្កររបស់កម្ពុជានៅខែ៦ នូវតែធ្លាក់ចុះ។ ប៉ុន្តែអាចនឹងកើនឡើងវិញ នៅពេលម្ចាស់រោងម៉ាស៊ីន បានប្រមូលផលស្រូវ សែនក្រអូប ចាប់ពីខែ៧ តទៅ »។

លោកឧកញ៉ា ភូ ពុយ នាយកក្រុមហ៊ុន បៃតងមានប្រសាសន៍ថា ៖ «បើម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់មានសមត្ថភាពរឹងមាំទិញស្រូវពីកសិករ នឹងធ្វើ ឱ្យបរិមាណអង្ករនាំចេញកើនឡើង តែបើសិនរោងម៉ាស៊ីន នៅខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម ទិញមិនបាន នោះការនាំចេញ អង្ករមិនកើន ឡើង ទេ»។

លោកឧកញ៉ាបន្ត ថា៖«កន្លងមកការនាំចេញអង្ករក្រអូប មានការកើនឡើង តែអង្ករធម្មតាធ្លាក់ចុះ ពីព្រោះស្រូវដែលបានដាំដុះ នៅតំបន់ខាងលើ នាំចេញ ទៅប្រទេសវៀតណាមច្រើន ធ្វើឱ្យម្ចាស់រោងម៉ាស៊ីន ប្រមូលទិញស្រូវពីកសិករថយចុះ ។ កម្ពុជា នាំចេញអង្ករទៅបរទេស នៅត្រីមាសទី ២អាចនឹងធ្លាក់ ចុះថែមទៀត។ តែមកដល់ខែ៨ ការនាំចេញនឹងកើនឡើងវិញ»។