ខេត្តមណ្ឌលគិរី៖ យុវជនម្នាក់ទំនងជាមានបញ្ហាស្នេហា ឬបែកថ្នាំ និងវិបត្តិផ្លូវចិត្ត ចាក់ច្រែះនៅក្នុងបេះដូង រហូតមិនអាចដោះស្រាយបាន ក៏សម្រេចចិត្តយកកាំបិតប៉័ងតោ មកអារករបស់ខ្លួន ប៉ុនប៉ងធ្វើអត្តឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលាព្រឹក​ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទម្ព ស្រុក​កែវ​សីមា។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋ រស់នៅភូមិឆ្នែង បានឲ្យដឹងថា យុវជនរងគ្រោះ គឺជាកម្មករដាំដើមដំឡូងមីរបស់ម្ចាស់ចម្ការម្នាក់ ហើយមិនមានអ្នកណាម្នាក់បានស្គាល់ពីអត្តសញ្ញាណរបស់គេពិតប្រាកដនោះឡើយ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅស៊ីឈ្នួលដាំដំឡូងមីឲ្យម្ចាស់ចម្ការម្នាក់នោះ តែគេបានត្រឡប់មកកន្លែងស្នាក់នៅ មុនកម្មករដទៃទៀត រួចក៏ទៅទិញស្រាយកមកអង្គុយផឹកតែម្នាក់ឯង ទាំងទឹកមុខស្រពាប់ស្រពោន។ នៅពេលនោះ អ្នកភូមិមិនបានដឹងថា ជនរងគ្រោះកើតមានរឿងអ្វីនោះទេ។ លុះមកដល់វេលាខាងលើ ស្រាប់​តែជនរងគ្រោះបានយកកាំបិតបុ័ងតោ មកអារកខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ រត់មកឃាត់ និងចាប់យកកាំបិតចេញ។

ក្រោយពេលកើតហេតុ អ្នកភូមិឆ្នែងបានដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះអាយុជីវិត នៅក្នុងមណ្ឌលសុខភាពអូរអាម៕