បាត់ដំបង៖ រថយន្តកាមេរីស៊េរីចាស់ពណ៌ស្ដែមួយគ្រឿងបានបើកបុក ដើមឈើមួយដើមពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររងរបួសស្រាល ដោយឡែកអ្នករួមដំណើរជាព្រះសង្ឃមួយអង្គបានសុគត ដែលករណីដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ ចំណុចក្រុមទី២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ព្រះសង្ឃដែលសុគតមានព្រះនាម ចាន់ ពេជ្រ ព្រះជន្ម ៨០វស្សា គង់នៅវត្តព្រែកក្រោយ ខេត្តកណ្ដាល ចំណែកអ្នកបើកបរត្រូវជាចៅ ឈ្មោះ ផុន សារាវុធ ភេទប្រុសអាយុ ២០ឆ្នាំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង របួសស្រាល ។ រីឯរថយន្តម៉ាកកាមេរី ស៊េរីចាស់ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ ព ២A
២៨៥៥ រងការខូចខាតមួយកំណាត់មុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើលិខិតប្រគល់សពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕