សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវត្រូវចេះយោគយល់គ្នា និងចេះគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ។

មួយវិញទៀត គ្រប់ស្ថាប័ណ្ណទាំងអស់ ដែលជាប់ពាក់ព័ន្ធមិនថាក្រសួងគមនាគមន៍និងដឹកជញ្ជូន ឬនាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចកងរាជអាវុធហត្ថអ្វីនោះទេ ត្រូវតែរឹតបន្តឹងច្បាប់ចរាចរណ៍ឱ្យបាន។

ប៉ុន្តែប្រសាសន៍សម្តេចហ៊ុន សែន និងច្បាប់ចរាចរណ៍កន្លងមក ហាក់ដូចជាគ្មានប្រសិទ្ធិភាពអ្វីទាំងអស់ ព្រោះកន្លងមកគេសង្កេតឃើញមានរថយន្តធុនធំៗ តកន្ទុយ តទ្រុងលើសពីច្បាប់កំណត់ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកជញ្ជូនទំនិញធំៗ បានផ្ទុកទំនិញលើសតោនទៀតផង ក៏គ្មានអ្នកណាហ៊ានហាមឃាត់ និងចាប់ផាកពិន័យដែរ គឺមានតែសមត្ថកិច្ចដាក់ប៉ុស្តិ៍ ដាក់កុងត្រូលទាលុយពីម្ចាស់រថយន្តតែប៉ុណ្ណោះ។

រីឯរថយន្តតាក់ស៊ីវិញ មិនថានៅតាមបណ្ដាខេត្ត ឬទីក្រុង និងជនបទនោះទេ គឺពួកគេបានដាក់មនុស្សឱ្យជិះលើរថយន្តផង លើទំនិញ និងជិះនៅលើតំបូលរថយន្តទៀតផង ដោយមិនគិតពីអាយុជីវិតអ្នកធ្វើដំណើរទាល់តែសោះ។

បើនិយាយពីសមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថវិញ ពួកគេឈរនៅតាមផ្លូវហៅរថយន្តយកតែលុយពីអ្នករត់តាក់ស៊ីតែប៉ុណ្ណោះ។ ចំណែកអ្នកជិះលើរថយន្តវិញ បាននិយាយថា ហេតុដែលពួកគាត់ជិះលើដំបូល លើឥវ៉ាន់បែបនេះ ក៏ដោយសារតែពួកគាត់គ្មានលុយសំរាប់ជិះរថយន្តក្រុង ឬរថយន្តតាក់ស៊ីដែលទូលាយនោះទេ។ រីឯម្ចាស់រថយន្តតាក់ស៊ីវិញពួកគេនិយាយថា បើមិនដាក់លើសចំណុះទេនោះ គឺមិនអាចរួចថ្លៃសាំង ថ្លៃម៉ាស៊ូត និងថ្លៃបង់ឱ្យសមត្ថកិច្ចដែលឈរនៅតាមផ្លូវកាក់រថយន្តយកលុយនោះទេ។

សរុបទៅម៉ាត្របរ និងបួនប៉ុណ្ណោះ គឺមានតែទ្រាំរកទទួលទានតាមទំនៀមមទម្លាប់ទៅ។ ពិតណាស់ច្បាប់ចរាចរណ៍មានគ្រប់គ្រាន់តែមនុស្សមិនគោរព ជាក់ស្ដែងដូចមានរូបថតរថយន្តផ្ទុកទំនិញនិងរថយន្តតាក់ស៊ីផ្ទុកមនុស្សបែបនេះ គឺមិនត្រឹមតែធ្វើឱ្យខូចថ្នល់នោះទេ គឺអាចបង្ករឱ្យគ្រោះថ្នាក់ជាយថាហេតុ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ សម្បត្តិផ្ទាល់ខ្លួន និងសម្បត្តិទ្រព្យអ្នកដទៃ ព្រមទាំងប៉ះពាល់ដល់អាយុជីវិតមនុស្សទៀតផង ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ មុនធ្វើដំណើរទៅណាមកណា គួរតែពិចារណាឱ្យបានហ្មត់ចត់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ៕
វណ្ណ ចាន់រស្មី