កំពង់ធំ ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ឧសភា ឆ្នាំ២០១៨ មានករណីដ៏សាហាវមួយ ដោយឪពុកចិត្តតិរច្ឆាន បានកាប់កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ២ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយហេតុការណ៍នេះ បានកើតឡើង នៅភូមិព្រែកតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា កូនស្រីដែលត្រូវឪពុកបង្កើត កាប់របួសធ្ងន់នោះ មានឈ្មោះ មុន្នី ភ័ក្រ អាយុ២ឆ្នាំ បានរងរបួសត្រូវក្បាល ប៉ែកខាងឆ្វេងមួយកាំបិត (ដល់លលាក្បាល) និងពីរកន្លែងទៀត ត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ។

ឪពុកចិត្តតិរច្ឆានខាងលើ មានឈ្មោះ តាន់ គឹមសាន អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រកបមុខរបរជាជាងសំណង់ មានប្រពន្ធឈ្មោះ ផុន រុទ្ធី អាយុ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ប្រកបមុខរបរលក់ដូរ ។

បើតាមការរៀបរាប់ ពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ប្តីប្រពន្ធបានឈ្លោះគ្នា ហើយបានព្រមព្រៀងផ្តិតមេដៃ លែងលះគ្នានៅសង្កាត់ ព្រៃតាហ៊ូ ហើយរស់នៅបែកគ្នាជាមួយប្រពន្ធ រយៈពេលកន្លះឆ្នាំមកហើយ ហើយស្រាប់តែថ្ងៃកើតហេតុ ប្រហែលជាបុរសជាប្តី ខឹងប្រពន្ធមិនព្រមឲ្យកូន ទៅលេងជាមួយខ្លួនជាឪពុក និងគ្រួសារ ស្រាប់តែទាញកាំបិត កាប់កូនស្រីរបស់ខ្លួន ហើយជនបង្ក បានលេបថ្នាំធ្វើអត្តឃាត តាមក្រោយ តែត្រូវបានគេបញ្ជូនទៅសង្គ្រោះ ទាន់ពេលវេលា ។

ខណៈពេលនេះ ក្មេងស្រីរងគ្រោះ ត្រូវបានគេបញ្ជូនបន្ត ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តសៀមរាប់ ៕