ភ្នំពេញ៖ គូសង្សាមួយគូកំពុងតែជិះម៉ូតូឌុបគ្នាសាសង ស្រាប់តែ​រថយន្តហៃឡែនឌ័រមួយគ្រឿង​បើកកៀរឱ្យដួល ហើយបើក​រត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខបុរីញ៉ូថោន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញគូសង្សាវ័យក្មេងមួយគូ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ ​ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បើកមកពីក្រោយ ហើយរថយន្ត​​បានរេចង្កូតទៅខាងស្តាំទៅគៀរម៉ូតូ​ក្រោយបណ្តាលឱ្យដួលម៉ូតូរងការខូចខាតវៀចឈ្នាន់ខាងឆ្វេង រីឯបុរសជាអ្នកបើកបររងរបួស សន្លប់ស្តូកស្តឹង និងនារីជាសង្សារដែលអង្គុយពីក្រោយ រងរបួសរយះជង្គង់ខាងឆ្វេង ចំណែកឯរថយន្តបង្កមិនបានឈប់ដើម្បីធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាប់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពរស្មី ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅវិញនៅពេលក្រោយ៕​