ភ្នំពេញ៖ ជនសង្ស័យវ័យក្មេងម្នាក់ បន្ទាប់ពីប្រើល្បិចចូលម៉ាស្សា ប្រដាប់ដោយកូនកាំបិតចាក់នារីម៉ាស្សាបណ្តាលឱ្យរងរបួស ប្លន់យកទូរស័ព្ទ Iphone6 មួយគ្រឿង រត់គេចមិនរួច ប៉ូលិសបង្ក្រាបក្របួចជាប់ភ្លាមៗ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងហាងម៉ាស្សា យុីហោ លី ថីហ្វុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណុឌពោធិ៍សែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ចាប ជីវ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ សៀន ឆេងហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅក្នុងហាងកន្លែងកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យជិះម៉ូតូនិចមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CD-1056 ទៅផ្ទះម៉ាស្សាខាងលើ ដោយយល់ព្រមព្រៀងគ្នា ទាំងជនសង្ស័យ ទាំងនារីរងគ្រោះ នាំគ្នាចូលបន្ទប់ ស្រាប់តែមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យដកហូតកូនកាំបិត ដែលលាក់ទុកតាមខ្លួនស្រាប់ មកចាក់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសដៃ ថ្ពាល់ ប្លន់យកទូរស័ព្ទដៃ ម៉ាកទូរស័ព្ទ Iphone 6 មួយគ្រឿងផ្អើលអ្នកនៅក្នុងផ្ទះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ បង្ក្រាបចាប់ខ្លួនបានភ្លាមៗ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕