ប្រទេស​ម៉ា​ឡេ​ស៊ី៖ ​ក្រុម​សម្ព័ន្ធភាព​ប្រឆាំង​ដឹកនាំរបស់លោក​ មហា​ធៀរ​ មហា​ម៉ា​ដ វ័យ​៩២​ឆ្នាំ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល នៃប្រទេសម៉ាឡេស៊ី ​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​ ឆ្នាំ២០១៨នេះ បានឈ្នះនូវការបោះឆ្នោតជាតិ ហើយលោកនឹងឡើងមកដឹកនាំប្រទេសនេះសាជាថ្មី។

​គណៈកម្មាធិការ​បោះ​ឆ្នោត​ជាតិរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា គណបក្យ​សម្ព័ន្ធភាព​ប្រឆាំង​ គឺ​គណបក្ស PAKATAN HARAPAN និង​គណបក្ស​សម្ព័ន្ធមិត្ត​តូច​មួយ នៃ​រដ្ឋ​សា​បា​ហ៍​នៅ ប័​រ​នេ​អូ​ ដណ្ដើម​បាន​អាសនៈចំនួន១១៥កៅអី នៅ​ក្នុង​សភា គឺ​លើស​ពី​សំឡេង​ភាគច្រើន​ធម្មតា ១១២​កៅអី ​ដែល​ត្រូវការ​ចាំបាច់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មីរបស់ប្រទេសនេះ​។ ការិយាល័យ​បោះ​ឆ្នោត​បាន​បិទ ​នា​វេលា​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​៩ ខែ​ឧសភា ហើយ​ចំនួន នៃ​អ្នកចូលរួម​បោះ​ឆ្នោត ២​ម៉ោង​មុនការ​បិទ ​មានចំនួន​៦៩%។

បើយោងតាមលទ្ធផល នៃការបោះឆ្នោតជាតិរបស់ប្រទេសម៉ាឡេស៊ីនេះ លោក​ មហា​ធៀរ មហា​ម៉ា​ដ ​(Mahathir Mohamad) នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រីដ៏​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ នៅលើពិភព​លោក​។ ​លោក​ មហាធៀរ ​ធ្លាប់​ដឹកនាំ​ប្រទេស​ម៉ា​ឡេ​ស៊ី អស់រយៈពេល​២២​ឆ្នាំ ហើយនៅពេលនេះ លោកបាន​វិលត្រឡប់មក​ចូល​ប្រឡូក​ នៅក្នុងឆាកនយោបាយឡើងវិញ។

ក្រោយពេលដឹង​ច្បាស់ពី​ជ័យជម្នះ​​របស់​គណបក្សប្រឆាំង ពួក​អ្នកគាំទ្របស់រ​លោក ​មហា​ធៀរ បាន​ទៅ​ប្រមូលផ្ដុំគ្នា នៅ​តាម​ដង​វិ​ថីនានា ដើម្បី​សម្ដែង​ពី​ការគាំទ្រ និង​សប្បាយចិត្ត​របស់​ពួក​គេ។ ដោយឡែក លោក ​ណា​ជីប​ រ៉ា​ហ្សា​ក់ ​អាយុ​៦៩​ឆ្នាំ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ីដែលចប់​អាណត្តិ ​បានជួប​​នឹង​រឿងអាស្រូវផ្នែក​ហិរញ្ញវត្ថុដ៏​ធំ​មួយ​។​ ចំណែកគណបក្ស​ចម្រុះ​របស់​លោក គឺ​គណបក្ស BARISAN NASINAL បានដឹកនាំ​ម៉ា​ឡេ​ស៊ី ចាប់តាំងពី​ប្រទេសនេះទទួល​បាន​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស​ នា​ឆ្នាំ​១៩៥៧​​៕