ភ្នំពេញ៖ បុរសម្នាក់ស្លៀកខោប៉ារ៉ា បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ​ ចេញមកពីកម្មពិធីក្នុងស្ថានភាព​ស្រវឹងស្រាជោកជាំ បើករថយន្តមកឈប់ដេកកណ្តាលផ្លូវ លុះពេលសមត្ថកិច្ចដាស់ឱ្យដឹងខ្លួន បែរជាជ្រុលជាន់ហ្គែទៅបុកកន្លែងលក់គុយទាវ បណ្តាលឱ្យរងការខូចខាត សង ១ពាន់ដុល្លារបញ្ចប់រឿងនៅនឹងកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១នឹង១៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់ 70 នៅចំណុចក្បែរស្តុបបឹងកក់ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា​ មុនពេលកើតគេបានឃើញបុរសម្នាក់ពាក់អាវ​យឺតយោធា ស្លៀកខោប៉ារ៉ា ​បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 330 ពណ៌ស្លែចាស់ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-7697 មិនដឹងថាគាត់ចេញមកពីផឹកនៅទេណានោះទេ ក្នុង​ស្ថានភាពស្រវឹងស្រាជោកជាំ បើករថយន្តតាមបណ្តោយផ្លូវទំនប់ 70 ក្នុងទិសដៅពីកើតទៅលិចហើយមកឈប់ដេកនៅកណ្តាលផ្លូវ បង្កអោយមានការភ្ញាក់ដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុដាស់​ឱ្យភ្ញាក់ដើម្បីឱ្យគាត់អង្គុយឱ្យស្វាង ចាំបើកបន្តដំណើរទៅមុខ ។

ប៉ុន្តែ​ពេលដែលគាត់ដឹងខ្លួនស្រាប់តែដាក់ចង្កឹះលេខរថយន្ត ​ហើយប្រលែងហ្គែជ្រុលចង្កូតរេមកស្តាំ ទៅបុកកន្លែងលក់គុយទាវ និងទឹកក្រ​ឡុក បណ្តាលឱ្យរងការខូចខាតបែកទូទឹកកាឡុក និងបាក់រទះលក់គុយទាវ សំណាងល្អហើយដែលភ្ញៀវកំពុងតែអង្គុយផឹកទឹក​ក្រឡុក​​​ឃើញទាន់ ក៏រត់ចេញមិនបង្កឱ្យនរណាម្នាក់រងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុខាងម្ចាស់រថយន្តបង្ក សុខចិត្តសងថ្លៃខូចខាតចំនួន ១ពាន់ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕