ខេត្តកណ្តាល៖ រថយន្តមួយគ្រឿងបានបើកបរយ៉ាងលឿន ហើយគេចពីក្មេងម្នាក់ដែលកំពុងដើរឆ្លងផ្លូវ ធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវក្រឡាប់​ឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅតាម​ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។

មន្រ្តីនគរបាលចរាចរស្រុកពញាឮ បានឲ្យដឹងថា រថយន្តដែលក្រឡាប់ដោយខ្លួនឯងខាងលើនេះ ម៉ាក NISSAN ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1739 បើកបរដោយឈ្មោះ រី ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសស្រាល) ស្នាក់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងអ្នករួមដំណើរជាមួយចំនួន២នាក់មិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា រងរបួសស្រាល។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង​ ម៉ាក NISSAN ពណ៌ស ទ្រុងខៀវ ពាក់ស្លាក​លេខ ចង្កូតស្តាំ PP-1739 បើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្តបើក​មក​ដល់ចំណុចកើតហេតុ ក៏មានក្មេងម្នាក់ដើរឆ្លងផ្លូវ ទើបអ្នកបើកបរបួងចង្កូតគេច ធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្តរងរបួសស្រាល និងរថយន្តត្រូវភ្លើងឆាបឆេះខូចខាតអស់ទាំងស្រុង។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅព្យាបាល នៅក្នុងមន្ទីរពេទ្យគ្លីនិកឯកជន។ ដោយឡែករថយន្តវិញ ដោយសារមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់យករថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង៕