​រថយន្តបែនដឹកដីមួយគ្រឿង បើកលឿនទាំងមេឃ កំពុងតែមានភ្លៀងធ្លាក់ មិនប្រយ័ត្នបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់បង្កាន់ដៃ ទាំងសងខាង ធ្វើឲ្យ​រថយន្តធ្លាក់មួយកំណាត់មុខ រងបួសស្រាល៤នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំKPS -0161 បើកក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ​ទាំងមេឃកំពុងតែ ភ្លៀងធ្លាក់មួយមេធំ ហើយផ្លូវខាងលើទើបនឹងចាក់បេតុងថ្មី បណ្ដាលឲ្យរអិល​ ខណៈពេលរថយន្តបង្ក​ បើក​លឿនពេក ក៏រេចង្កូតទៅផ្នែកខាងឆ្វេងបុកបង្កាន់ដៃស្ពានបាក់អស់មួយផ្ទាំង។ ស្ថិតក្នុងហេតុការណ៍បែបនេះ អ្នកបើកបរបានបួងចង្កូតរថយន្តគេចទៅផ្នែកខាងស្តាំ ក៏ជ្រុលទៅបាក់អស់មួយផ្ទាំងទៀត ធ្វើឲ្យរថយន្តធ្លាក់កង់មុខពាក់កណ្តាលរថយន្ត និងបណ្តាលឲ្យបាក់ កាឡេរថយន្តកើលទ្រូង ស្ទើរនឹងធ្លាក់ចូលទឹកអូរ។ ដោយឡែកអ្នកនៅក្នុងរថយន្តបានរងបួសស្រាលទាំង៤នាក់ ព្រោះមិនបានពាក់ខ្សែ​ក្រវាត់​ត្រឹមត្រូវ។

ក្រោយពេលកើតហេតុ មន្រ្ដីនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានយករថយន្តទៅទុកនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ នាពេលថ្ងៃក្រោយ​​៕