ខេត្តស្ទឹងត្រែង៖ បុរសល្មោភកាមម្នាក់ឃើញនារីរងគ្រោះពឹងឲ្យបើកម៉ូតូជូនទៅផ្ទះ ក៏ឆ្លៀតឱកាសល្អ ឃើញឪពុកម្ដាយមិននៅ ក៏ចាប់ច្របាច់កនាងរំលោភសេពសន្ថវៈ រហូតបានសម្រេចពីយប់ ហើយព្រឹកឡើង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងក្រុងស្ទឹងត្រែង។

បើតាមសម្ដីរបស់នារីងគ្រោះ បានឲ្យដឹងថា ​កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ២០១៨ ដោយអាងតែមនុស្សស្គាល់ គ្នា នាងបានពឹងជនសង្ស័យឲ្យបើកម៉ូតូ​ជូននាង​ទៅ​ផ្ទះ​។ លុះពេលជនសង្ស័យបើកម៉ូតូជូននាងទៅជិតដល់ផ្ទះរបស់នាង ស្រាប់តែដួលម៉ូតូ បណ្ដាលឲ្យ​នាងរងរបួស រលាត់ដៃជើងបន្តិចបន្តួច។

ជនរងគ្រោះ បានបន្តថា បន្ទាប់ពីជូនទៅដល់ផ្ទះរបស់នាងហើយ ជនសង្ស័យបានប្រើល្បិច ធ្វើជាជួយរកថ្នាំ និងបង់មករុំរបួសរបស់នាង។ ក្រោយមក គេបានសួរមកនាងថា តើម៉ាក់ប៉ានៅផ្ទះទេ? ឮបែបនេះ នាងបានឆ្លើយតបទៅជនសង័្សយវិញថា តាមមើលប្រហែលជាគាត់​ មិននៅផ្ទះទេ ទើបនៅក្នុងផ្ទះស្ងាត់បែបនេះ។

ជនរងគ្រោះ បានបន្តថា នៅពេលនោះ ជនសង្ស័យបានដើរអើតមើលចុះឡើង ហើយឃើញមិនមានអ្នកណាម្នាក់នៅក្នុងផ្ទះ ទើបគេគិតថាជាឱកាសល្អ ក៏ស្ទុះមកចាប់ឱបថើប និងច្របាច់កនាង រួចហើយគំរាមថា បើនាងហ៊ានរើបម្រះ និងស្រែកហៅអ្នកជិតខាង គេនឹងសម្លាប់នាងចោល។ បន្ទាប់មក ជនគម្រក់នោះបានចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយគេចខ្លួនបាត់។ លុះព្រឹកឡើង ទើបនាងយករឿងរ៉ាវដ៏អាស្រូវខាងលើនេះមកប្រាប់អាណាព្យាបាលរបស់នាងតាមដំណើររឿង។ ក្រោយពេលដឹងសាច់អស់ហើយ ពួកគាត់បាននាំនាងទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យនាង។

មន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ​ឈ្មោះ គុយ កី ហៅ កី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ពពេញ ឃុំ​ព​ពេញ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ រីឯជនរងគ្រោះ ឈ្មោះ ក ល អាយុ២៥ឆ្នាំ រស់នៅក្នុងខេត្តស្ទឹងត្រែ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាល ដើម្បី​សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕