រាជធានីភ្នំពេញ៖ ពិតជាគួរឲ្យហួសចិត្តណាស់ ស្ពានបាឡេដែលទើបតែសាងសង់រួច ហើយដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី៨ ឧសភា ២០១៨ មិនទាន់បាន២៤ម៉ោងស្រួលបួលផងស្រាប់តែជនសង្ស័យជាច្រើននាក់ ប្រហែលជា២០ទូក បានធ្វើសកម្មភាព លួចកាត់ដែកក្រោមស្ពាន ហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ជាជនជាតិ ឥស្លាម និងទូកចំនួន៣គ្រឿង។

ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីក្រុមសន្តិសុខ ដែលយាមនៅគល់ស្ពាន ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពហើយក៏បានរាយការណ៍ ទៅកម្លាំងសមត្ថកិច្ច អោយជួយអន្តរាគមន៍ភ្លាមៗ ។

បុរសចំនួន៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះ ទី១មានឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក។ ទី២មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក ស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៣មាន ឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក ។ និងទី៤មានឈ្មោះ ទៀត អាតុ ភេទប្រុស ជនជាតិឥស្លាម មុខរបរនេសាទត្រី អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពពត៌មាន ពីកម្លាំងអន្តរាគមន៍ ខណ្ឌជ្រោយចង្វារបានអោយដឹងថា មុនពេលកើតហេតុ សន្តិសុខម្នាក់ឈ្មោះសារី ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរាយការណ៍ប្រាប់ថា មានទូកជនជាតិខ្មែរឥស្លាម ជាង២០ទូកបាននាំគ្នា ទៅលួចកាត់យកដែកក្រោមស្ពាន ដែលលោកអភិបាលក្រុង ឃួង ស្រេង ទើបតែ
មកសម្ពោធដាក់អោយ បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ងាយស្រួលធ្វើដំណើរ មិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផង ក៏ត្រូវជនសង្ស័យ ជាខ្មែរឥស្លាមនាំគ្នាជិះទូក ជាង២០ទូក ទៅធ្វើសកម្មភាពទាំងកណ្តាលយប់ជ្រៅ លួចកាត់យកដែក ដែលសាងសងរួច បង្កអោយមានការភ្ញាក់ផ្អើល ដល់កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ នាំគ្នាចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។

បន្ទាប់ពីជិះទូកដេញចាប់ ជនសង្ស័យទាំងនោះ ត្រូវជនសង្ស័យនាំគ្នាបើកទូក រត់ឡើងទៅជើងទៅម្តុំច្រាំងចំរេះ គេចខ្លួនអស់ ភ្លាមៗនោះដែលកម្លាំងអន្តរាគមន៍ រួមនិងសន្តិសុខយាមស្ពាន ឃាត់បានតែទូកមួយ ដែលដឹកដែកតែប៉ុណ្ណោះ យកមកកន្លែងកើតហេតុ លុះពេលកន្លះម៉ោងក្រោយមក ក៏កម្លាំងអន្តរាគមន៍រួមនឹងសន្តិសុខជ្រោយចង្វារបានស្រាវជ្រាវ រកឃើញទូកជិត១០ទូក នៅចតក្បែរនឹងអូតែលសុខា កំពុងតែទំលាក់ដែកចុះក្នុងទឹក ដើម្បីកុំអោយគេដឹង ទើបសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗចំនួន៤នាក់ នឹងដកហូតបានវត្ថុតាង ដែកសាងសង់ស្ពានជាច្រើនកំណាត់ យកទៅសួរនាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា បក្សពួកដែលសេសសល់ នឹងស្រាវជ្រាវតាមចាប់ មកផ្តន្ទាទោសទៅផ្លូវច្បាប់អោយបាន ។ ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្នមួយយប់ នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ រងចាំព្រឹកស្អែកនឹងកសាង សំណុំរឿងបញ្ចូនទៅកាន់ តុលាការដើម្បីចាត់ការទៅតាមនិតិវិធី ៕