ក្រុងព្រះសីហនុ៖ នៅក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់សណ្ឋាគារ ជីងកាន នៅក្នុងខេត្តព្រះសីហនុ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ថា “លោកមិនយល់ស្រប អោយខេត្តជាប់សមុទ្រមួយនេះ ក្លាយទីជាម៉ាកាវ បាលី​ ឫក៏ឡាំកាវី ទី២ឡើយ ដោយសារតែខេត្តមួយនេះ ជារបស់ខ្មែរ។ ដូច្នេះក្រុងព្រះសីហនុ នៅតែជាក្រុងព្រះសីហនុ”។

គួររំលឹកផងដែរថា មានប្រជាពលរដ្ឋជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីពួកគេបានទៅកំសាន្ត នៅក្រុងព្រះសីហនុ ហើយបានឃើញកាស៊ីណូ ដែលមានស្លាកសុទ្ធតែអក្សរចិន រីកដុះដាលព្រោងព្រាត ស្ទើរគ្រប់ទីកន្លែង ក្នុងក្រុងព្រះសីហនុ ជាពិសេសតំបន់ឆ្នេរអូរឈើទាលតែម្តង។ ហើយមានប្រជាពលរដ្ឋ ភាគច្រើនមានការត្អូញត្អែរ ពិបាករកកន្លែងគេង ជាលក្ខណៈគ្រួសារណាស់ កន្លែងដែលពួកគាត់ ធ្លាប់តែសម្រាកជាលក្ខណៈគ្រួសារ កាលពីប៉ុន្មានឆ្នាំមុន ត្រូវបានក្លាយជាកាស៊ីណូ អស់ទៅហើយ ។

ម្យ៉ាងវិញទៀត សូម្បីតែកន្លែងហូបបាយ មួយចំនួនត្រូវបានគេជួល និងប្តូរទៅជាភោជនីយដ្ឋាន សម្រាប់ជនជាតិចិនទៅវិញ ហើយសណ្ឋាគារមួយចំនួន ឡើងថ្លៃកប់ពពក បើសិនជាទៅជាលក្ខណៈគ្រួសារនោះ ពិតជាគ្មានលទ្ធភាព គេងនៅសណ្ឋាគារ ដែលមានកាស៊ីណូនោះបានទេ ហេតុដូច្នេះហើយ អ្នកទេសចរជាតិភាគច្រើន បានប្តូរទិសដៅ មកលេងតាមឆ្នេរកោះ, ខេត្តកែប និងខេត្តកំពតវិញ ព្រោះស្រួលរកកន្លែងគេង ហើយតម្លៃសមរម្យជាងនៅខេត្តព្រះសីហនុ៕