ពិតជារឿងអស្ចារ្យណាស់ ដែលកុមារកម្ពុជា ដែលមានអាយុ១២ឆ្នាំ ចំនួន២នាក់ ត្រូវបាន FIFA និងក្រុមហ៊ុន Gazprom របស់ប្រទេសឥណ្ឌា បានសម្រេចជ្រើសយក ទៅធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួត បាល់ទាត់មិត្តភាព (Football for Friendship) នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

កុមារាទាំង២នាក់ ដែលត្រូវបានជ្រើសរើសខាងលើនេះ ទី១ មានឈ្មោះ សេងគា សុខហេង អាយុ១២ឆ្នាំ និងទី២ ឈ្មោះ សុខ មករា អាយុ១២ឆ្នាំ ដូចគ្នា នេះបើយោងទៅតាមសេចក្តី ប្រកាសរបស់ FIFA និង Gazprom កាលពីពេលថ្មីៗកន្លងទៅនេះ ។

នៅក្នុងសេចក្តីប្រកាស របស់ស្ថាប័នដ៏ធំខាងលើ បានបញ្ជាក់ផងដែរថា កុមារាកម្ពុជា ឈ្មោះ សេងគា សុខហេង នឹងចូលរួមជាមួយកុមារា ដែលមកពីជុំវិញពិភពលោក ដើម្បីបង្កើតជាក្រុមបាល់ទាត់ ចំនួន៣២ក្រុម ហើយនឹងត្រូវប្រកួត ដើម្បីដណ្តើមពានរង្វាន់ នៃកម្មវិធីបាល់ទាត់ ដើម្បីមិត្តភាព។ ចំណែកឯកុមារា សុខ មករា វិញ នឹងដើរតួជាអ្នកកាសែតវ័យក្មេង ដើម្បីរាយការណ៍នូវសកម្មភាព ក្នុងនិងក្រៅកម្មវិធីខាងលើ ហើយនឹងចែករំលែកនូវតម្លៃ ៩យ៉ាងនៃកម្មវិធីខាងលើនេះ រួមមាន មិត្តភាព​ សមភាព ភាពត្រឹមត្រូវ ​សុខភាព ​សន្តិភាព ការលះបង់ ជោគជ័យ ប្រពៃណី និងកិត្តិយស។

យោងតាមប្រសាសន៍ របស់លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ ជាឱកាសដ៏ពិសេសមួយ សម្រាប់ទូតកីឡាបាល់ទាត់កម្ពុជា ក្នុងការកសាងចំណងមិត្តភាព រវាងកុមារលើពិភពលោក និងសន្តិភាពតាមរយៈការលេងបាល់ទាត់ លក្ខណៈមិត្តភាពផងដែរ ហើយនេះក៏ជាប្រវត្តិសាស្ត្រ លើកទី១របស់កម្ពុជាផងដែរ ដែលមានកុមារ២រូប ត្រូវបានស្ថាប័នពិភពលោក ធ្វើការជ្រើសរើសឲ្យទៅលេង នៅប្រទេសរុស្ស៊ី ដោយបច្ចុប្បន្ននេះ កម្មវិធីខាងលើនេះ ត្រូវបានគេពង្រីករហូតដល់ទៅ ២១១ប្រទេសឯណោះ ៕