នៅថ្ងៃទី២៨ ខែឧសភា នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីពីការប្រមូលត្រលប់មកវិញ នូវផលិតផល កាហ្វេចង្អុរមេឃ ដែលក្រសួងបានអះអាងថា កាហ្វេនេះ មានផ្ទុកឱសថសម្រាប់បង្កើន តណ្ហាផ្លូវភេទបុរស ឈ្មោះ Sidenafil ដែលសារធាតុនេះ អាចនឹងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកប្រើបាន ។

គួរបញ្ជាក់ផងដែរ សេចក្តីប្រកាសនេះ បានធ្វើឡើងក្រោយពីក្រសួងសុខាភិបាល បានត្រួតពិនិត្យព្រឹត្តិបត្រ លើគុណភាពកាហ្វេ ពីមជ្ឈមណ្ឌលជាតិពិសោធន៍ សុខាភិបាល ចុះកាលពីថ្ងៃទី៤ មេសា ឆ្នាំ២០១៨ ខែមុននេះ ។

គួរបញ្ជាក់ផងដែរថា កាហ្វេប្រភេទខាងលើ ដែលមានផ្ទុកសារធាតុឱសថ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់នេះ បាននាំចូលមកប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនមួយ ដែលដាក់ឈ្មោះថា កាហ្វេចង្អុលមេឃ ឯ.ក ហើយបានធ្វើការផ្សព្វផ្សាយ លក់តាមបណ្តាញទំនាក់ទំនងសង្គមជាច្រើន ជាពិសេសបណ្តាញសង្គមហ្វេសប៊ូកតែម្តង ដោយក្រុមហ៊ុនបានបង្កើត ផេកមួយឈ្មោះថា ក្រុមហ៊ុន​កាហ្វេចង្អុលមេឃ ព្រមទាំងមានវេបសាយ coffeechongolmekh.com និង​វិទ្យុ​សុរិន្ទ​ខ្នងភ្នំ FM 101.70 MHz ព្រមទាំង​ចែកចាយ​និង​លក់ តាម​បណ្ដា​សាខា​កាហ្វេ​ចង្អុលមេឃ តូប​លក់​ទំនិញ និង​តូប​លក់​ភេសជ្ជៈ​ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស​ផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបុរសៗដែលកំពុងតែប្រើប្រាស់ កាហ្វេចង្អុលមេឃ ត្រូវប្រញាប់ផ្តល់ព័ត៌មាន ឬបើចង់ដឹង ព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ 011 574787, 095 359599, 012 983334៕