ភ្នំពេញ៖ នារីវ័យក្មេងម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ បន្ទាប់ពីសង្សាររបស់នាងបានលួចម៉ូតូនិកមួយគ្រឿងទៅបាត់ពីបន្ទប់ជួល ហើយផ្តាច់ការទំនាក់ទំនង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះឈ្មោះ រុំ ស្រីនិច អាយុ ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។ ចំណែកម៉ូតូដែលសង្សារលួចយកទៅបាត់នោះ ម៉ាក ស៊ុយហ្ស៊ូគីនិក ស៊េរី២០១៨ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9881 ។

តាមនារីរងគ្រោះបានឱ្យដឹងថា នាងស្គាល់យុវជនម្នាក់ជាអ្នកធ្វើការងារជាមួយគ្នា អស់រយៈពេលជាង ២ឆ្នាំមកហើយ សាងស្នេហ៍ធ្វើជាសង្សារ ស្គាល់ខ្លួនស្គាល់ប្រាណ ទោះជាធ្លាប់សាងអនុស្សាវរីយ៍ញយដងក៏ដោយ ក៏ប៉ុន្តែមិនបានស្គាល់ចិត្ត ខណៈដែលខាងស្រីទុកចិត្ត តែផ្ទុយទៅវិញបែជាខាងប្រុសរំសាយចិត្ត លួចម៉ូតូទៅបាត់ពេលដែលនាងមិនបាននៅក្នុងបន្ទប់ ។

ទោះជាព្យាយាមទំនាក់ទំនងតាមរយៈទូស័ព្ទ យ៉ាងណាក៏មិនបានលទ្ធផល រួមផ្សំជាមួយពាក្យប្រាប់គេឯងថា «លាហើយស្នេហា» ទើបនាងភ្ញាក់ខ្លួន ដឹងអស់សង្ឃឹម ទើបសម្រេចចិត្តរត់ទៅប្តឹងនគរបាលឱ្យជួយស្រាវជ្រាវ ។

ស្រ្តីរងគ្រោះក្រោយពីអស់សង្ឃឹមថាសង្សារយកម៉ូតូវិលវិញ ទើបទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីជួយអន្តរាគមន៍ស្រាវជ្រាវរកសង្សារឆបោក ៕