ភ្នំពេញ៖ ​រថយន្តស៊េរីទំនើបមួយគ្រឿង កំពុងបើតែសុខៗស្រាប់តែបានឆ្លងចរន្តឆេះហុយៗដុំ ​Wifi ផ្អើលដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើរទៅមក ​កាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីហនុ ត្រង់ចំណុចមុខអេសអេចលក់សំបុត្ររថយន្ត ក្រុងភ្នំពេញវៀតណាម ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

រថយន្តដែលកំពុងបើកបរហើយឆេះមានម៉ាក VITOPOURER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0207 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានឆ្លងចរន្តឆេះក្នុងរថយន្ត ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរទៅមក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិខ្មែរ បានបើករថយន្តមួយគ្រឿងស៊េរីទំនើប ​មកចំណុចខាងលើ ស្រាប់តែ​រថយន្តឆ្លងចរន្តឆេះហុយៗចេញពីដុំ ​Wifi បានបន្តិចត្រូវអ្នកលក់ដូរនៅក្បែរនោះ បានទាញបំពង់ពន្លត់អគ្គិភយ័មកបាញ់អស់ចំនួន ៥បំពង់ ទើប​លែងសូវហុយៗ និងរលត់បន្តិច ។

ក្រោយពេលកើតហេតុរួច មានសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានទូរស័ព្ទទៅរថយន្តពន្លត់មកចំនួនមួយគ្រឿង តែមិនបានប្រើប្រាស់ទេ ដោយសារម្ចាស់មិនឱ្យបាញ់ ខ្លាចខូចរថយន្តរបស់គាត់ ។ ភ្លាមៗនោះម្ចាស់រថយន្តបានទូរស័ព្ទហៅរថយន្តស្ទូច មកស្ទូចយកទៅផ្ទះវិញមិនប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ ៕