​ខេត្តបាត់ដំបង​៖ ស្ត្រីម្នាក់បានកើតជម្លោះជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀត រហូតឈានដល់ការវាយប្រតាយប្រតប់គ្នា ក៏បញ្ជាចៅរបស់ខ្លួនដែលទើបនឹងមានអាយុ៦ឆ្នាំ យកកាំបិតមកចាក់ទៅលើគូទំនាស់ បណ្ដាលឲ្យរងរបួសធ្ងន់ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៥ និង៣០​នាទី​ល្ងាច​ ថ្ងៃ​ទី០៦ ​ឧសភា ឆ្នាំ២០១៨ ​នៅ​ក្នុងភូមិ​ត្រស់ ឃុំ​តា​លាស់ ស្រុក​មោងប្ញ​ស្សី​។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សានោះ ជនសង្ស័យ និងជនរងគ្រោះបានកើតមានជម្លោះនឹងគ្នាយ៉ាងខ្លាំង​ រហូតឈានដល់ការប្រតាយប្រតប់នឹងគ្នា។ ស្របពេលកំពុងតែកើតនូវការប្រទូសរ៉ាយដាក់គ្នានោះ ជនសង្ស័យបានបោះកាំបិតទៅឲ្យចៅប្រុសរបស់ខ្លួនទើបនឹងមានអាយុ៦ឆ្នាំ ហើយបញ្ជាឲ្យចៅប្រុសនោះ យកកាំបិតមកចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។

មន្ត្រីនគរបាល​ស្រុក​មោង​ប្ញស្សី បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ ឈ្មោះ ​ឆាំ ភី អាយុ​៥២​​ឆ្នាំ ហើយចៅប្រុស​ដែលជា​ជនដៃដល់ ​​ឈ្មោះ ​ពេក​​ ផា​ន់​ណា ភេទ​ប្រុស អាយុ​៦​ឆ្នាំ​។ ចំណែកជនរងគ្រោះ​ ឈ្មោះ ​​គ្រុយ សុខា អាយុ​៣៣​ឆ្នាំ ភេទស្រី។ ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិ​ត្រស់ ឃុំ​តា​លាស់ ស្រុក​មោងប្ញ​ស្សី​ ខេត្តបាត់ដំបង។​

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។ ដោយឡែកក្មេងប្រុសអាយុ​៦ឆ្នាំ ដែលបានប្រព្រឹត្តផ្ទាល់ តាមបញ្ជារបស់ជីដូននោះ សមត្ថកិច្ច​គ្រាន់តែ​ហៅ​មក​សាកសួរ​ រួច​ហើយអនុញ្ញាតឱ្យគេត្រឡប់​ទៅ​ផ្ទះ​វិញ៕