ខេត្តកោះកុង៖ បុរស​ល្មោភកាមម្នាក់ឃើញក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ នៅជាមួយនឹងប្អូនរបស់នាង ក៏ប្រើប្អូនឲ្យទៅទិញបារី រកឱកាសល្អចាប់បងរំលោភសេពសន្ថវៈ រហូតមានផ្ទៃពោះ ទើបបែកការដឹងដល់អាណាព្យាបាល ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹង​វែង ក្រុងខេមរភូមិន្ទ។

ប្រភពព័ត៌មានពីអ្នកភូមិ បានឲ្យដឹងថា នៅពេលឃើញឪពុកម្ដាយ​របស់នាងចេញទៅធ្វើការងារអស់ ជនសង័្សយតែងតែឡើងទៅលេងនៅលើផ្ទះរបស់ក្មេងរងគ្រោះ ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្តបន្ទាប់ចំនួន២លើក។ ប៉ុន្តែក្រោយ​ពេលរំលោភហើយ ជន​សង្ស័យតែងតែគំរាមក្មេងស្រីរងគ្រោះ ធ្វើឲ្យនាងមិនហ៊ានយករឿងអាស្រូវនោះមកប្រាប់ឪពុកម្ដាយរបស់នាង។

លុះ​ពេលចុងក្រោយ ជន​សង័្សយក៏បានទៅលងផ្ទះក្មេងស្រីរងគ្រោះ ហើយឃើញប្អូនរបស់នាងនៅ ក៏ប្រើឲ្យទៅទិញបារី ដើម្បីយកឱកាសនោះចាប់ក្មេងស្រីរំលោភម្ដងទៀត រហូតធ្វើឲ្យនាងមានផ្ទៃពោះ។ នៅពេលនោះឪពុកម្ដាយរបស់នាងមានការសង្ស័យទៅលើកូនរបស់ខ្លួន ក៏ជជីកសាកសួរចុះឡើង ទើបនាង​រៀបរាប់តាមដំណើររឿង ហើយគាត់បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកយុត្តិធម៌ជូនដល់កូនស្រីរបស់គាត់។

មន្ត្រីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភក្មេងស្រីជាអនីតិជន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ចាន់ វ​ណ្ណី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​កម្មករ​ធ្វើ​សំណង់ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ។ រីឯកុមារី​រងគ្រោះ​ឈ្មោះ គ ល អាយុ១៣ឆ្នាំ មុខរបរជា​សិស្ស រស់នៅ​ក្នុងក្រុងខេមរភូមិន្ទ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕