ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឡើងជាប់ៗគ្នាចំនួន៣លើក ជាហេតុធ្វើឱ្យអាជ្ញាធរជម្លៀសពលរដ្ឋចំនួន១២.០០០នាក់ចេញពីតំបន់ភ្នំភ្លើង និងប្រកាសបិទអាកាសយានដ្ឋាននៅក្បែរនោះចំនួន៧កន្លែង ។ ការផ្ទុះភ្នំភ្លើងជាញឹកញាប់បណ្តាលឱ្យមានផ្សែងភ្លើងហោះទៅដល់ប្រទេសម៉ាឡេស៊ីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXM1hChtLROIcCS917lqed_3hiJhgHmzJl37wj59gO0a620RXIxbFbYW8afSVZ6u0gYiYxnlq76FKDtZT9fl1eSTDDpz8ZMIc0lKXF7-IEFzuE_gSgjO-eaE5Ulfi-DM1ytzid97NTPKAXKCl8Nrm40IoIc5ZwkN8tIGnTvGlDK6344C-GzM4WYHRJwP8/s1240/2671075.jpg

សារព័ត៌មាន AFP រាយការណ៍ថា ភ្នំភ្លើង Ruang នៅឥណ្ឌូណេស៊ីបានផ្ទុះចំនួន៣លើក ដែលបណ្តាលឱ្យផ្សែងភ្លើងហោះឡើងទៅលើរហូតដល់ជាង៥គីឡូម៉ែត្រ ហើយអាជ្ញាធរបានប្រកាសឱ្យពលរដ្ឋនៅក្បែរតំបន់នេះ ចំនួន១២.០០០នាក់ ប្រញាប់ជម្លៀសចេញជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8A_Yb204O8XqFi3JL8jZLGLXz-xSOhqzDkASCQpWFX70aiBHVSiKbhsqjzFiQfJjl1hjvYwBxeRFiTrCLqHU_GaBJav2dKuWZoZlrWitOaj9t68JimtMyMzn3f2wQ5Tl2sZ6tQZHxwdfvjYDNc6QKAROoFHe-O1y6f7egGU2tQilOnr7sGJkAsM_RkWs/s1280/photo_2024-05-02_10-13-31%20(2).jpg

ភ្នាក់ងារជួយសង្គ្រោះបានជួយពលរដ្ឋរាប់ពាន់នាក់នៅកោះក្បែរនោះ ដូចជា ៖ កោះ Tagulandang ស្ថិតនៅភាគខាងជើង រហូតដល់កោះ Siau ដោយសារកាកសំណល់ឆេះរបស់ភ្នំភ្លើងធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយអាជ្ញាធរបារម្ភខ្លាចកើតរលកយក្សស៊ូណាមិ ។

នាយកដ្ឋានឧតុនិយមឥណ្ឌូណេស៊ីឱ្យដឹងថា ផ្សែងភ្លើង និងកំទេចកំទីភ្នំភ្លើងបានហោះឆ្ងាយទៅដល់ភាគខាងកើតប្រទេសម៉ាឡេស៊ី នៅកោះ Borneo ដែលមានផ្ទៃដីខ្លះជារបស់ឥណ្ឌូណេស៊ី និងព្រុយណេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbW87I8dwtLZ0iU9Sg_RxIvuUAEoW_Eyf6CeEJIQqq1PGQy5AB7Cc1rkrmRjbldZ2rW5qcwRRD7B7Vh9J6T4xdcTyXMmaJYR_uJz6r3M3UEdD3UhzB1JYR_VK8T_KnzSVHxtg93Uj7VnEIJhn0jQMb4sESIuHGJHYCKEYn5PnnlAilYRT4uabP-UqzGvw/s1280/photo_2024-05-02_10-13-31.jpg

តាមការប្រកាសរបស់ AirNav Indonesia ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសឥណ្ឌូណេស៊ីបញ្ជាក់ថា ផ្សែងភ្លើង និងកំទេចកំទីដែលហោះសាយភាយពេញអាកាសនេះ បានធ្វើឱ្យឥណ្ឌូណេស៊ីប្រកាសបិទអាកាសយានដ្ឋាន៧កន្លែងនៅក្បែរគ្នា រួមទាំងអាកាសយានដ្ឋានធំបំផុតនៅទីក្រុង Manado និងទីក្រុង Gorontalo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv7RGCwY5bJtpuWq0OTVNOh4S0fPzSjWyH0v1pUOCc5s8rM0chMTmkHtycHjI74cyrH5SjjZfIbFajXgo4KgMSo19s2uPMcMfJPdE10V_IV-b_TExCfelY4Rc-fhooVKibC-J3Q5GqnDwcEqY7Ye7LkkX-pD3FXGy1MMLb-HZQieB-8kPlM2NgeBI_T0s/s1280/photo_2024-05-02_10-13-32.jpg

Julius Ramopoli ជាប្រធានឃ្លាំមើលភ្នំភ្លើង Ruang និយាយថា ភ្នំភ្លើងនៅតែបញ្ចេញផ្សែងភ្លើងយ៉ាងច្រើន កាលពីថ្ងៃទី១ ខែឧសភា ហើយផ្សែងភ្លើងទាំងនេះបានហោះឡើងលើចាប់ពី៥០០ម៉ែត្រ ទៅ៦០០ម៉ែត្រ ។

ប្រធានឃ្លាំមើលភ្នំភ្លើង Ruang បញ្ជាក់ថា ការប្រកាសអាសន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ គឺកម្រិតទី៤ ហើយសូមពលរដ្ឋនៅឱ្យឆ្ងាយពីតំបន់កើតហេតុ យ៉ាងហោចណាស់៧គីឡូម៉ែត្រ ។ កន្លងមក ឥណ្ឌូណេស៊ីតែងតែជួបបញ្ហាគ្រោះរញ្ជួយដី និងភ្នំភ្លើងផ្ទុះជាច្រើនលើក ដោយសារប្រទេសនេះស្ថិតនៅលើខ្សែបន្ទាត់ភ្នំភ្លើង ៕