រាជធានីភ្នំពេញ៖ ក្រុមចោរប្លន់ស្ទាវៗ ចំនួន៨នាក់ ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ហើយបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ ក្រោមបញ្ជាដ៏ម៉ឺងម៉ាត់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់ក្មេងស្ទាវ៨នាក់ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ឧសភា ២០១៨នេះ ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ បានសម្រេចមិនដល់២៤ម៉ោងស្រួលបួលផងនោះ ។

លោកអធិការ បានបន្តឲ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃអាទិត្យនេះ កម្លាំងនគរបាលផ្នែកសន្តិសុខ និងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាក្រុមក្មេងស្ទាវ ចំនួន៨នាក់ ដោយយោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ បានមកប្តឹងថា ខ្លួនត្រូវបានជនសង្ស័យ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៦ ឧសភា ២០១៨ ម្សិលមិញនេះ នៅចំណុចមុខភោជនីយដ្ឋាន មេត្រូ នៅម្តុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម លោកអធិការបានប្រាប់ថា លោកបាននាំកម្លាំងចេញ ប្រតិបត្តិការស្រាវជ្រាវភ្លាមៗ និងបានឃាត់ខ្លួន ជនសង្ស័យទាំង៨នាក់ខាងលើ ដោយដកហូតបានម៉ូតូ Scoopy i ១គ្រឿង ដោយម៉ូតូនោះ គឺជាម៉ូតូរបស់ជនរងគ្រោះ ដែលមកដាក់ពាក្យបណ្តឹងពិតប្រាកដមែន ហើយកម្លាំងជំនាញ កំពុងតែប្រមូលភស្តុតាង និងសាកសួរជនសង្ស័យខាងលើ ហើយបានបញ្ជូនទៅផ្នែកជំនាញ ដើម្បីធ្វើការបន្តតាមនិតិវិធីច្បាប់ ៕