ភ្នំពេញ៖ ប្តីប្រពន្ធមួយគូ ដោយសារភ្លើងប្រចណ្ឌ បានឈានទៅប្រើហិង្សា ដាក់គ្នាទៅវិញទៅមក ហើយភាគីខាងប្រពន្ធ បានប្តឹងសមត្ថ​កិច្ចមូលដ្ឋាន អោយនាំខ្លួនបុរសជាប្តីម កកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។ ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋជិតខាងមកចោមមើល កាលពីម៉ោង៩ និង០០នាទីយប់ ថ្ងៃទី០៥ ឧសភា ២០១៨ នៅផ្ទះអ៊ុតសក់យីហោ (សាយ៉ាណា) ស្ថិតនៅផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ០៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលប្រើហិង្សាខាងលើ ឈ្មោះ គឹម ឆាយ អាយុ៤៧ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះជួលផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅ០៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ប៊ុត ឈា មុខរបរអ៊ុតសក់ នៅទីតាំងខាងលើ។

តាមសម្ដីបុរសជាប្តី បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ក្រោយពេលគាត់ត្រឡប់ពីលក់ ហើយវិលមកដល់ផ្ទះវិញ គាត់មិនទាន់ហូបបាយទេ ស្រាប់តែប្រពន្ធគាត់មករករឿង (ដោយការប្រចណ្ឌគាត់) ក៏បានទំនាសពាក្យសម្ដដីគ្នាទៅវិញទៅមក ហើយប្រពន្ធគាត់បាន​លោត មកក្រញៅបណ្តាលឲ្យគាត់រលាត់ខ្នង និងក ដោយសារមុតក្រចក។ នៅពេលនោះ គាត់បានខឹងយ៉ាងខ្លាំង ក៏ទះកំផ្លៀងវិញតែម្តង ហើយប្រពន្ធគាត់ក៏ប្តឹងសមត្ថកិច្ចឲ្យហៅមកសាកសួរនៅប៉ុស្តិ៍តែម្តង។

ពាក់ព័ន្ធនឹងការប្រចណ្ឌ និងឈានរហូត ដល់ប្រើហិង្សាខាងលើនេះ បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថាក្រោយពីសមត្ថកិច្ច នាំខ្លួនបុរសជាប្តីខាងលើ មកដល់ប៉ុស្តិ៍ ស្ត្រីជាប្រពន្ធបានសំណូពរឲ្យសមត្ថកិច្ចអប់រំដល់ប្តីគាត់ និងធ្វើកិច្ចសន្យា បញ្ឈប់ប្រើហិង្សាមកលើគាត់ជាប្រពន្ធ។ រីឯបុរសជាប្ដីក៏បានសន្យាចំនួន៣ចំណុច រួមមាន ទី១-ក្រោយទទួលការអប់រំពីសមត្ថកិច្ចរួច ពេលត្រឡប់ទៅផ្ទះវិញ គាត់នឹងកែប្រែខ្លួនឲ្យទៅជាពលរដ្ឋល្អ រស់នៅក្នុងសង្គម។ ទី២-សូមសន្យាថា មិនធ្វើការគុំកួនលើប្រពន្ធ ឈ្មោះ ប៊ុត ឈា ឫក៍ប្រើហិង្សាលើគាត់ ឬក៏បំផ្លាញទ្រព្យសម្បត្តិជាដើម ទី៣-អ្វីដែលខុសច្បាប់នឹងលែងប្រព្រឹត្ត ដូចការប្រើហិង្សាលួចឆក់ប្លន់ជាដើម និងទី៤-បើមានអ្នកណាធ្វើអ្វីដែលខុសច្បាប់ ខ្ញុំនឹងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ក្រោយពីធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានអនុញ្ញាតឲ្យបុរសជាប្តី ផ្តិតមេដៃទុកជាភ័ស្តុតាង និងឲ្យត្រឡប់ទៅផ្ទះវិញ៕