ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ឯកឧត្តម ជួន សុវណ្ណ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាស និងចេញបញ្ជាថា ចាប់ពីពេលនេះតទៅ គ្រប់អធិការខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នានា មិនត្រូវអនុញ្ញាតិឲ្យបណ្តាអ្នកសារព័ត៌មាន ចូលថតវីដេអូ ក៏ដូចជាឡាយវីឌេអូ សម្ភាសន៍ជនសង្ស័យ បង្ហោះតាមបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គមហ្វេសប៊ូកតែម្តង ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនណា សារព័ត៌មានទាំងអស់ប្រព្រឹត្តល្មើស ទៅនិងបទបញ្ជារបស់ស្នងការ នឹងត្រូវចាប់ខ្លួន មូលហេតុដោយសារតែ ការអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ចូលឡាយសម្ភាសន៍ផ្ទាល់បែបនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះប្រសិនបើ ជនសង្ស័យមិនទាន់ក្លាយជាទណ្ឌិត វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ និងកត្តិយសរបស់បុគ្គលផ្ទាល់ ។

ដូច្នេះហើយ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នើឲ្យអស់លោក អធិការខណ្ឌទាំង១២ ត្រូវពិនិត្យ និងកែប្រែបញ្ឈប់ជាបន្ទាន់ ចំពោះករណីដែលលោកលើកឡើង ខាងលើនេះ៕